(ភ្នំពេញ)៖ លោកស្រី ម៉ារី ហេលេន ល័រហ្វុង អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលជាស្ថាប័នប្រតិបត្តិផ្នែកជំនួយរបស់រដ្ឋាភិបាលបារាំង បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍កន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ លោកស្រី បានប្រកាសបន្តការគាំទ្រយ៉ាងមុតមាំជាបន្តទៀតដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ការបញ្ជាក់របស់អគ្គនាយិការរងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបខាងលើ លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោកស្រីបានជម្រាបសម្តេចធិបតី អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងកម្ពុជា និងបានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។
លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីកម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើនរួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគជាដើម។
លោកសីអគ្គនាយិការង ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ បន្ថែមលើនេះ លោកសីអគ្គនាយិការង ក៏បានជម្រាបជូនសម្តេចធិបតី អំពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ ខាងមុខ តាមរយៈការធ្វើការងារជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ារី ហេលេន ល័រហ្វុង និងសហការីនៅកម្ពុជានាពេលនេះ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណទីភ្នាក់ងារ AFD ចំពោះការចូលរួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្ដេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធី ដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០។
សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរអំពីការដាក់ចេញគោលដៅក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ កម្ពុជា បានសម្រេចការប្រើប្រាស់ថាមពលស្អាតចំនួន ៦២ភាគរយ នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ ថាមពលស្អាតឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០។
សម្ដេចធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញគោលដៅក្នុងការផ្ទត់ផ្គង់ទឹកស្អាតឱ្យ បាន១០០ភាគរយ និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និង ការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។
ក្នុងជំនួបនេះសម្ដេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យសំខាន់មួយចំនួន រួមមាន៖ (១) ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ ដោយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា ដែលផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ និងគំនិតផ្ដួចផ្ដើមថ្មីៗ បន្ថែមទៀត ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការផ្ដល់នូវភាពបត់បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាពប្រកួតប្រជែង (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និង ភាសាបារាំងប្រចាំតំបន់នៅកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាលនៃវិស័យថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញផែនការយុទ្ធសាស្ត្រសំខាន់ៗក្នុងការធានាឱ្យបាន នូវការប្រើប្រាស់ថាមពល និងចូលរួមចំណែកការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ៕