(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចាប់ផ្តើមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខមន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋ ព្រមទាំងពិនិត្យមើលសមិទ្ធិផលនានានៅតាមខេត្តភូមិភាគឦសាន គឺខេត្តមណ្ឌលគិរី និងរតនគិរី ចាប់ពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះទៅ។
តាមការគ្រោងទុកដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ហើយនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ សម្ដេចតេជោ នឹងអញ្ជើញសំណេះសំណាល ជាមួយមន្ដ្រីរាជការនៅខេត្តមណ្ឌលគិរី លុះដល់ពេលរសៀលថ្ងៃដដែល សម្ដេចតេជោ បន្ដទៅខេត្តរតនៈគិរី។ បន្ថែមពីនេះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្ដេចតេជោ នឹងបន្ដសំណេះសំណាលជាមួយមន្ដ្រីរាជការ ក្នុងខេត្តរតនៈគិរី ហើយនៅថ្ងៃទី១៧ សម្ដេចតេជោ អញ្ជើញមករាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងដំណើរចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តចំនួន១៧រួចមកហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសី ហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ។
រយៈពេលជាងមួយខែកន្លងមកនេះ ការដោះស្រាយកង្វះអគារសិក្សានៅតាមបណ្តាខេត្ត ដែលបានចុះទៅដល់នោះ គឺជារឿងអាទិភាពមួយ ដើម្បីឆ្លើយតបការសិក្សារបស់សិស្ស។ អគារសិក្សា អគារទីចាត់ការ និង អគារស្នាក់នៅរបស់គរុសិស្សសរុប ៩៨ខ្នង ស្មើនិង ១,០២៨បន្ទប់ហើយ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនសិស្សានុសិស្សនៅតាមសាលានានា ដែលសម្តេចបានអញ្ជើញចុះទៅដល់ និង ពិនិត្យដោយផ្ទាល់។ ក្នុងនោះអគារ សិក្សាកម្ពស់ ៣ជាន់ មានចំនួន ២៣ខ្នង ស្មើ ៤២៩បន្ទប់ អគារសិក្សាកម្ពស់ ២ជាន់ មានចំនួន ៣១ខ្នង ស្មើនិង ៤១៦បន្ទប់។ អគារសិក្សាមួយជាន់ មានចំនួន ៤ខ្នង ស្មើ ២១បន្ទប់ ក្នុងនោះមានអគារពុទ្ធិកៈសិក្សា សម្រាប់ព្រះសង្ឃផងដែរ។
ទីចាត់ការ និងបណ្ណាល័យចំនួន ៣៤ខ្នង ស្មើនិង ១០២បន្ទប់ ហើយអគារស្នាក់នៅសម្រាប់គរុសិស្សចំនួន ៦ខ្នង ស្មើនិង ៦០បន្ទប់ (១ខ្នងមានកម្ពស់២ជាន់)។ ក្រៅពីផ្តល់អគារសិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យមានការចាក់ដីទីធ្លាសាលា ធ្វើរបង ធ្វើខ្លោងទ្វារ ព្រមទាំងចាក់សាបចូលទៅកាន់ អគារសិក្សាផងដែរ ដើម្បីលើកកម្ពស់សោភណភាពនៅតាមសាលារៀនផងដែរ៕