(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌ។

ពិធីនេះមានការចូលរួមពីសំណាក់លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកអធិការ លោកអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង ១១ ដើម្បីប្រជុំបូកសរុបសភាពការបទល្មើស ព្រហ្មទណ្ឌ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងខែមេសា និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំលោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ ក៏បានលើកឡើងអំពីសភាពការណ៍ បទល្មើសព្រហ្មទណ្ឌ និងវិធានការបង្ការបង្រ្កាប បទល្មើស លួច ឆក់ ប្លន់ ដោយដាក់ចេញនូវវិធានការជំនាញព្រហ្មទណ្ឌ ហើយឱ្យផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ធ្វើការល្បាត ប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ម៉ោង ធ្វើការគ្រប់គ្រងក្មេងទំនើង ធ្វើការក្តាប់សភាពការបទល្មើសនៅតាមមូលដ្ឋានរបស់ខ្លួន ងាយស្រួលធ្វើការបង្ក្រាប ឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ក៏បានជំរុញជាពិសេស គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងក្មេងអនាថាឱ្យម៉ត់ចត់ ដែលមុខសញ្ញាទាំងនេះជាមុខសញ្ញាបង្កគ្រោះថ្នាក់ ឱ្យកើតមានបទល្មើលព្រហ្មទណ្ឌ និងក៏បានណែនាំនៅពេលមានបទល្មើសកើតឡើង ត្រូវរាយការណ៍បន្ទាន់ដល់ថ្នាក់លើ ដើម្បីងាយស្រួល ដាក់ចេញវិធានការស្រាវជ្រាវបង្រ្កាបឱ្យទាន់ពេលវេលា និងបានណែនាំឱ្យតាមបណ្តាប៉ុស្តិ៍ធ្វើការល្បាតជាប្រចាំ ជាពិសេសតំបន់សប្បាយភាព ដូចជា៖ ក្លិបឌីស្កូ រង្គសាល បៀរហ្គាឌិន នៅតំបន់ងាយកើតឡើងបទល្មើសដូចជាម្តុំបឹងកក់ ផ្សាររាត្រី វត្តបុទម ម្តុំវត្តភ្នំជាដើម និងហាមលោកនាយប៉ុស្តិ៍មិនឱ្យធ្វើលិខិតបញ្ជាក់ទីលំនៅចំពោះប្រជាពលរដ្ឋដែលមិនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន យកទៅធ្វើផ្លាកលេខម៉ូតូ រថយន្ត និងបាន បញ្ចុះកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌ ស្រាល ធ្ងន់ឱ្យជួយល្បាតក្នុងភូមិសាស្ត្រ ងាយរងគ្រោះ និងណែនាំឱ្យគោរពវិន័យកងកម្លាំង ស្លៀកពាក់ឯកសណ្ឋានឱ្យត្រឹមត្រូវផងដែរ៕