(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា បើគ្រាន់តែដោយសារឮនរណាម្នាក់មកខ្សឹប ឬនរណាផ្សាយថា បានប្រភពព័ត៌មានពីមន្ត្រីនេះ ឬមន្ត្រីនោះ ហើយយកទៅផ្សាយដោយអត់មានបង្ហាញភស្តុតាងអ្វីទាំងអស់ អ្នកនោះមិនមែនជាសារព័ត៌មានទេ។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យថាសារព័ត៌មាន ត្រូវចងភ្ជាប់ដោយសារក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ណាស់។ ក្នុងអាជីពជាអ្នកសារព័ត៌មាន គឺគេស្វែងរកព័ត៌មាន ដោយយោងលើប្រភពច្បាស់លាស់ លើសាក្សី លើឯកសារ លើភស្តុតាង លើការផ្ទៀងផ្ទាត់ មុននឹងគេផ្សាយ ជាពិសេសព័ត៌មាន ដែលប៉ះពាល់ដល់បុគ្គលឯកជន។ អីចឹង បើគ្រាន់តែដោយសារឮនរណាម្នាក់មកខ្សឹប ឬនរណាផ្សាយថា ប្រភពព័ត៌មានពីមន្ត្រីនេះមន្ត្រីនោះ ស្រាប់តែយកមកផ្សាយ ដោយអត់មានបង្ហាញភស្តុតាងអ្វីទាំងអស់ ខ្ញុំចាត់ទុកថា មិនមែនជាសារព័ត៌មានទេ»

* ទី១៖ ពាក្យថា​ យោងតាមប្រភពពីនរណាម្នាក់ ដោយមិនបញ្ចេញឈ្មោះ ជាការលើកឡងដើម្បីបាំងអំពើបំភ្លៃរបស់ខ្លួន និងខុសក្រមសីលធម៌ធ្ងន់ធ្ងរណាស់
* ទី២៖ ទោះបីមានមនុស្សម្នាក់ប្រាប់យើង តែគេថាកុំបញ្ចេញឈ្មោះ គេក៏មិនអាចយកទៅផ្សាយបានដែរ ទាល់តែមានឯកសារគ្រប់ជ្រុងជ្រោយ។
* ទី៣៖ បើអ្នកត្រូវបានគេផ្សាយឱ្យកែតម្រូវ តែមិនកែ ក៏គេមិនហៅថា អ្នកព័ត៌មានដែរ៕