(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយនៅថ្ងៃអង្គារ នេះថា គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ គួរតែចៀសវាងការបង្ក សកម្មភាពណាមួយ ដែលអាចបណ្តាលឲ្យ ភាពតានតឹងកាន់ខ្លាំងឡើងថែមទៀត បន្ទាប់ពីអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B ចំនួន២គ្រឿង ទៅកាន់កូរ៉េខាងត្បូង។ នេះបើតាមកាចេញផ្សាយដោយ Reuters នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិក បានធ្វើការហោះហើរ នៅលើដែនអាកាសប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារនេះ ក្នុងគោលបំណងបង្អួតពីកម្លាំងយោធា និងសាមគ្តីភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង ខណៈដែលភាពតានតឹងបានកើតមានឡើង នៅក្រោយការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៥ ដែលធ្វើឡើងដោយកូរ៉េខាងជើង កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ៕