(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តា គណបក្សនយោបាយនៅអាស៊ី» (12 ICAPP GA) (អាណត្តិឆ្នាំ២០២៤-២០២៥) ដែលនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក ជុង អ៊ីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំធ្វើជា ម្ចាស់ផ្ទះមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ី និងតំណាង ក្រុមគណបក្សនយោបាយជាដៃគូមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកឡាទីន។

សូមជម្រាបជូនផងដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទីមួយនៅក្នុងគ្រួសារ ICAPP ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន ២លើក ក្នុងនោះកម្ពុជាបានទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ «ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី (Asia's Quest for a Better Tomorrow) និងមហាសន្និបាត ICAPP លើក ទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាពនិងការផ្សះផ្សា (A Quest for Peace and Reconciliation)៕