(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន កំពុងស្វែងរកដៃគូ និងថវិកា ដើម្បីបញ្ជាទិញដ្រូន ប្រគល់ជូនមន្ទីរបរិស្ថាន ធ្វើទំនើបកម្មកិច្ចការងារការពារធនធានធម្មជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈនៅខែក្រោយក្រសួងនឹងទទួលបានផែនទីពីផ្កាយរណបសម្រាប់ចែកជូនដល់គណៈបញ្ជាការឯកភាពខេត្ត ក្នុងន័យផ្តល់ភាពងាយស្រួលទប់ស្កាត់ការលួចកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។

ការឱ្យដឹងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពធ្វើសសន្និសីទសារព័ត៌មាន មុនការរៀបចំតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្ដដា ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន កំពុងតែរៀបចំ ឆ្នាំក្រោយនឹងស្វែងរកថវិកាពីដៃគូ អង្គការដទៃផង ដើម្បីទិញនូវដ្រូន ដើម្បីបង្ហោះជូនដល់មន្ទីរទាំងអស់ ដែលមានតំបន់ការពារ យើងសព្វថ្ងៃនេះមានឧទ្យានុរក្សជាង១,២០០នាក់ ប៉ុន្តែ ផ្ទៃដីតំបន់ការពាររបស់យើងមានជាង ៧លានហិកតា ដូច្នេះ ឧទ្យានុរក្សយើងគាត់ចុះល្បាតមិនបានសព្វគ្រប់ទេ ផ្ទុយទៅវិញបើយើងមានដ្រូនជូនគាត់ មានផែនទីជូនគាត់ គាត់អាចង្ហោះមើលឃើញបានឆ្ងាយ និងមានប្រសិទ្ធភាពទៀត។ អ៊ឹចឹងទេក្រសួងបរិស្ថាន ឆ្នាំងក្រោយកំពុងតែរៀបចំគម្រោងថវិកា ដើម្បីធ្វើយ៉ាងណាទិញដ្រូនចែកជូនតាមមន្ទីរទាំងអស់ ជូនការពារធនធានធម្មជាតិរបស់យើង»

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន កំពុងធ្វើការជាមួយអង្គការដៃគូ ដើម្បីធ្វើយ៉ាងណាបាននូវរូបភាព ពីផ្កាយរណប ឆ្លុះបញ្ចាំងតំបន់ការពារធនធានធម្មជាតិ និងទីតាំងដែលត្រូវបានឈូសឆាយជាដើម។

លោកបណ្ឌិត បានបង្ហាញក្តីសង្ឃឹមថា នៅពេលដែលក្រសួងបរិស្ថានទទួលបានផែនទីពីផ្កាយរណប ក្រសួងនឹងបញ្ជូនទៅគណៈបញ្ជាការរដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ទីរបរិស្ថាន ដែលមានតំបន់ការពារធនធានធម្មជាតិ ដើម្បីអាចមើលឃើញច្បាស់ថាទូតាំងណាខ្លះដែលរងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូច។

ជាមួយនឹងការទទួលបានផែនទីបន្ថែមទៀតពាក់ព័ន្ធនឹងតំបន់ការពារធនធានធម្មជាតិ, ត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា យ៉ាងយូរនៅខែក្រោយក្រសួងនឹងទទួលបានផែនទីនេះពីអង្គការដៃគូ នៅខែក្រោយសម្រាប់ប្រគល់ជូនអ្នកពាក់ព័ន្ធទាំងអស់។

តាមរយៈទិន្នន័យពីផ្កាយរណប និងការផ្តល់ដ្រូនជូនមន្ត្រីមូលដ្ឋាន អាចសិក្សា និងទទួលបានព័ត៌មានពីទីតាំងដែលមានការចូលលួចកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ និងអាចឱ្យអាជ្ញាធរទប់ស្កាត់បទល្មើសបានទាន់ពេលវេលា»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត។

លោកបណ្ឌិតបានបន្ថែមថា ក្រសួងបរិស្ថាន បានកំពុងរៀបចំកម្មវិធី (App) ក្នុងបរិវត្តិកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជាចំនួន៧៣តំបន់ ដែលគ្រប់ដណ្ដប់លើផ្ទៃដីប្រមាណ ៧លានហិកតា ស្មើនឹង៤០ភាគរយ នៃផ្ទៃដីប្រទេស។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថាកម្មវិធី (App) គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិដែលប្រើប្រាស់តាមប្រព័ន្ធស្មាតហ្វូននេះ នឹងមានសមត្ថភាពគ្រប់គ្រងការការពារតំបន់ការពារធម្មជាតិ ដែលមានលក្ខណៈពិសេសអាចស្គាល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិបានលឿន ផ្តល់នូវភាពសុក្រឹត្យទៅដល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ គ្រប់ទីកន្លែង និងមិនត្រូវការប្រព័ន្ធអ៊ីនធឺណែត ជាពិសេសមិនចំណាយថវិកា និងពេលវេលាបោះបង្គោលព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ និងថែរក្សា។

គួរឱ្យដឹងថា ថ្មីៗនេះក្រសួងបរិស្ថាន បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ ចំនួន១៣២ផ្ទាំង ដែលមានទំហំ A0 និងទំហំ A3 ជូនរដ្ឋបាលខេត្តចំនួន២១ និងរដ្ឋបាលស្រុកក្រុងចំនួន១១១ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណិត្តទី៧ និងអនុលោមតាម ភាពបៃតង និង ចីរភាព នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។

ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការទាំង៤ចំណុច ក្នុងការគ្រប់គ្រងតំបន់ការពារ រួមមានទី១៖ ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២៖ ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ទី៣៖ សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤៖ ការជំរុញការដាំស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០៕