(ភ្នំពេញ)៖ យុវសិស្សកម្ពុជា៩រូប ត្រូវបានជ្រើសរើសទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីមហោស្របភាពយន្ដកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៦ នៅប្រទេសជប៉ុន ក្រោមប្រធានបទ «JENESY2016» ជាមួយបណ្ដាសិស្សមកពីប្រទេសអាស៊ានទាំង១០ (មានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី សឹង្ហបូរី ថៃឡងដ៏ ហ្វីលីពីន ឡាវ ភូមា ព្រុយណេ វៀតណាម ម៉ាឡេស៊ី) ព្រមទាំងជាមួយប្រទេសទីម័រខាងកើត កូរ៉េខាងត្បូង ម៉ុងហ្គាលី ប្រទេសចិនតៃវ៉ាន់ និងប្រទេសជប៉ុន។
បើតាមសេចក្ដីប្រកាស របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា សិស្សទាំង៩រូបនេះ ចែកជា៣ក្រុម ហើយបានប្រឡងជ្រើសរើសវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកម្ពុជានៃមហោស្រពភាពយន្ដកុមារអន្ដរជាតិអាស៊ី ដែលបានព្រឹត្រិត្តទៅនាថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធានបទ «រឿងដែលខ្ញុំស្អប់»។
ស្ថានទូតជប៉ុន បានបញ្ជាក់ថា ក្នុងការប្រកួតនេះ មានភាពយន្ដចំនួន៤៦រឿង ដែលផលិតដោយសិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា បានដាក់ពាក្យចូលរួមប្រកួត ហើយក្នុងចំណោមនោះមានភាពយន្ដចំនួន១៦ បានសម្រិតសម្រាំងដើម្បីចាក់បញ្ជាំងក្នុងការប្រកួតនេះ។
សូមជំរាបថា មហោស្រពភាពយន្ដនេះ បានចាប់ផ្ដើមនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០០៧មកម៉្លេះ ហើយចាប់តាំងពីពេលនោះមក គឺមហោស្រពនេះ ចាប់ផ្ដើមប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចំណែកសិស្សានុសិស្សកម្ពុជាវិញ ត្រូវបានឲ្យចូលរួមក្នុងមហោស្រពនេះ តាំងពីឆ្នាំ២០០៩៕