(ជប៉ុន)៖ តបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ហើយនៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដែលជាកន្លែងបណ្តុំឯកសារការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅក្នុងសង្គ្រាមលោកលើកទី២។

បន្ទាប់ពីបានទស្សនានៅសារមន្ទីររួច អគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់សារមន្ទីរ បានផ្តល់កិច្ចសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រមទាំងបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតនៅក្នុងការទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូ នៅឯឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ាផងដែរ។

វាមានសារៈសំខាន់ណាស់ក្នុងការកត់សម្គាល់ថា ទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងដំបូងបង្អស់នៅក្នុងពិភពលោក ដែលទទួលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហើយបានកសាងទីក្រុងឡើងវិញពីគំនរផេះ។ ក្នុងនាមជាអ្នកគាំទ្រសន្តិភាព អាស៊ានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយពិភពលោក ដើម្បីធានាបាននូវតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងរារាំងមិនឱ្យមានការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ និងពិភពលោក។

នៅរសៀលថ្ងៃចន្ទ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Kojinbara Masashi អភិបាលរងក្រុងហ៊ីរ៉ូស៊ីម៉ា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន រួមទាំង ការផ្លាស់ប្តូរទៅវិញទៅមកដែលអាចធ្វើបាន និងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងផ្សេងៗទៀត នៅក្នុងអាស៊ាន។

បណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យទីក្រុងហ៊ីរ៉ូស៊ីម៉ា ចូលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន រួមទាំង ការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលុបបំបាត់ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ តាមរយៈការបន្តជំរុញសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ Treaty)៕