(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញមកប្រតិកម្ម និងទទូចអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួន រួមនិងក្រុមអ្នកផលិតមាតិកា រកប្រាក់តាមអនឡាញ​ (MMO) ឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សា នៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម។

ការចេញមុខមកប្រតិកម្មជាថ្មីម្តងទៀតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូ ព្រមទាំងរូបភាពករណីបុរសម្នាក់បានកាប់ប្រហារស្ត្រីរងគ្រោះ ជាម្ចាស់បំណុលបណ្តាលឱ្យស្លាប់ នៅស្រុកស្អាង ខេត្តកណ្តាល ដោយសារខឹងជនរងគ្រោះទៅទារលុយជំពាក់ចំនួន៣៦ម៉ឺនរៀល។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ​ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម, ខ្ញុំសូមអំពាវនាវ និងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន»

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការផ្សព្វផ្សាយ និងការចែករំលែកនូវរូបភាពហិង្សា វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជន និងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។

«ខ្ញុំសង្ឃឹម និងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៕