(ភ្នំពេញ)៖ យុវតីពិការដៃទាំង២ឈ្មោះ អ៊ិត ស្រីណប់ បានឆ្លើយតបទៅអ្នកលេងបណ្ដាញសង្គម Facebook ថា នាងជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាំងពីឆ្នាំ ២០១៥មកម៉្លេះ ដែលកាលនោះ នាងប្រឡងជាប់ទន្ទេស E មិនមែនដូចអ្វីដែលអ្នកលេង Facebook បង្ហោះចែកចាយនាពេលនេះថា នាងជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំ ២០១៦នេះ ដោយទទួលបាននិទ្ទេស A នោះឡើយ។
យុវតី អ៊ិត ស្រីណប់ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា បន្ទាប់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធប្រឡងបាក់ឌុប ជាផ្លូវការសម្រាប់ឆ្ នាំ២០១៦នេះ ស្រាប់តែមានអ្នកលេង Facebook មួយចំនួនធំ បានយករូបរបស់នាងទៅចែកចាយ ដោយបានសរសេរថា នាងប្រឡងបាននិទ្ទេស A ដូចនេះហើយទើប នាងបានបកស្រាយយ៉ាងច្បាស់ ដើម្បីកុំឲ្យមានការយល់ច្រឡំ និងមានជនខិលខូចមួយចំនួនយករូបរបស់នាងទៅធ្វើអាជីវកម្ម ទំនងចង់យកប្រយោជន៍ផ្ទាល់ខ្លួន (អាចប្រើរូបនាងទៅសុំការជួយឧបត្ថម្ភពីអ្នកផ្សេង)។
នាងបញ្ជាក់យ៉ាងដូច្នេះថា «គេដាក់ខ្ញុំថា បាននិទ្ទេស A ហើយព័ត៌មាននេះវាមិនពិត ខ្ញុំមិនចង់ឲ្យគេនិយាយថា ខ្ញុំជាមនុស្សពិការហើយ ទៅនិយាយព័ត៌មានមិនពិតដើម្បីបោកប្រាស់គេ ដោយពីមុនដំបូងមាន Page មួយបានផុសថា នាងខ្ញុំប្រឡងទទួលបាននិទ្ទេស A ហើយឆ្នាំហ្នឹងទៀត នេះវាខុសពីការពិតទាំងអស់ ខ្ញុំខ្លាចតែគេយករូបខ្ញុំទៅដើម្បីចង់បានប្រយោជន៍អ្វីមួយ ក្នុងការបោកប្រាស់មហាជន»។
ជាចុងក្រោយ យុវតី អ៊ិត ស្រីណប់ សូមសំណូមពរដល់អ្នកលេង Facebook ទាំងអស់ថា សូម Share ព័ត៌មានអ្វីដែលជាការពិត ដើម្បីកុំឲ្យមហាជនភ័ន្ដប្រឡំ ហើយចោទនាងថា ជាអ្នកបោកប្រាស់គេអី។
សូមបញ្ជាក់ថា យុវតី អ៊ិត ស្រីណប់ ជាកូនកំព្រាឪពុក មានស្រុកកំណើតនៅភូមិពាមជំនិត ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល បច្ចុប្បន្ន ជានិស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែក IT ហើយការបន្ដសិក្សានេះ ស្ថិតនៅក្រោមការឧបត្ថម្ភទាំងស្រុង ដោយលោករដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ និងជាប្រធានគណៈពង្រឹងស្រុកពញាឮ៕