(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកមេមត់ សម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នៅស្នាក់ការគណបក្សប្រជាជនស្រុកមេមត់។


ក្នុងជំនួបជាមួយអង្គបោះឆ្នោត និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមេមត់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដែលជាការបង្ហាញពីភាពខ្លាំង បានផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពចាស់ទុំ និងភាពរឹងមាំនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្សប្រជាជន មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការ និងបំណងពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋ។

ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក បន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តត្បូងឃ្មុំ។

ជាចុងក្រោយ ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់អង្គបោះឆ្នោត ត្រូវត្រៀមឯកសាររួចជាស្រេច និងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕