(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា នៅតែដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលជាស្ថានប័នមនុស្សធម៌ដ៏ធំជាងគេនៅកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរមូលដ្ឋាន ក្នុងការងារមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ជាក់ស្ដែងប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ រស់នៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម ទោះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជារួចហើយក្ដី ក៏កាកបាទក្រហមកម្ពុជា ចូលរួមចំណែកមួយផ្នែកបន្ថែមទៀត ផ្ដល់ជាស្បៀងអាហារ ថវិកា ផ្ដល់សារអប់រំសុខភាព និងចំណេះដឹងទូទៅបន្ថែមទៀត ដើម្បីជួយលើកស្ទួយជីវភាព និងការរស់នៅប្រកបដោយសុខភាពល្អ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបានចុះមកបំពេញការងារនៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម។

«មូលហេតុនៃការចុះ គឺជាការអនុវត្ដនូវការណែនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឃើញព័ត៌មានចុះផ្សាយតាមបណ្ដាញសង្គមលើកករណីចំនួន ២ គឺករណីលោកយាយអាយុ១០០ឆ្នំា ៣ខែ ដឹកដៃកូនស្រីអាយុ៧៤ឆ្នាំ មានពិការភាពភ្នែកទាំងសងខាង និងករណី បុរសចំណាស់ឈឺធ្ងន់ម្នាក់ ហើយត្រូវម្ដាយអាយុ ៨៨ បញ្ចុកបាយ។ ដោយឃើញស្ថានភានយ៉ាងដូច្នេះ ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យក្រុមការងារយើង ចុះមកស្រុកព្រៃឈរនេះ ដើម្បីសួរសុខទុក្ខ និងផ្ដល់នូវអំណោយមនុស្សធម៌ ជូនដល់ជូនងាយរងគ្រោះខាងលើនេះ ប៉ុន្ដែជាក់ស្ដែងយើងចុះមកបានឃើញស្ថានភាពពលរដ្ឋងាយរងគ្រោះផ្សេងទៀត យើងក៏បានជួយដោះស្រាយបញ្ហាជីវភាព សរុបបានរហូតដល់ទៅចំនួន ៥គ្រួសារ»

គ្រួសារងាយរងគ្រោះខាងលើនេះ រួមមាន៖

១៖ គ្រួសារលោកយាយ អាយុ១០០ឆ្នាំ ៣ខែ ដើរដឹកដៃកូនស្រីពិភារភាពភ្នែកទាំងសងខាង ដោយសារជំងឺ មានអាយុ ៧៤ឆ្នាំ ដោយទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ដូចជាអង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ១លានរៀល។

២៖ យុវតីពិការភាពរាងកាយម្នាក់ វ័យ២៥ឆ្នាំ ត្រូវជនល្មើសម្នាក់មករំលោភបំពានផ្លូវភេទដល់លើផ្ទះ ពេលម្ដាយជាស្ដ្រីមេម៉ាយ ដើរគោះអង្ក្រង រកក្ដាមខ្យង បេះត្រកួតជាដើម ដើម្បីយកទៅលក់ចិញ្ចឹមជីវិត បានទទួលអំណោយមនុស្សធម៌ ជាអង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ១លានរៀល។

៣៖ ស្ដ្រីមេម៉ាយក្រខ្សត់ម្នាក់ អាយុ៨៨ឆ្នាំ ដែលអង្គុយបញ្ចុកបាយកូនប្រុសខ្លួនមានជំងឺប្រចាំកាយ អាយុ៥២ឆ្នាំ ទទួលបានអំណោយមនុស្សធម៌ មានអង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ៥០ម៉ឺនរៀល។

៤៖ បុរសអាយុ ៥២ឆ្នាំ ដែលមានជំងឺប្រចាំកាយ កូនប្រុសបង្កើតរបស់លោកយាយមេម៉ាយអាយុ៨៨ឆ្នាំខាងលើនេះ ទទួលបានអំណោយមនុស្សធម៌៖ អង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ៥០ម៉ឺនរៀល។

៥៖ កុមារក្រិះក្រិន៣នាក់ បណ្ដាលមកពីកត្ដាឪពុកម្ដាយជាបងប្អូនជីដូនមួយខាងឪពុក បានរៀបការនឹងគ្នា (បង្កើតបានកូន៥នាក់ សុទ្ធតែមានស្ថានភាពភាពក្រិះក្រិន តែស្លាប់២ នៅចំនួន៣នាក់នេះ) គឺទទួលបានអំណោយមនុស្សធម៌ ដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកា ៥០ម៉ឺនរៀល។

ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះខាងលើ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក អាណិតស្រលាញ់ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូមដល់ប្រជាពលរដ្ឋទាំងអស់។

ទន្ទឹមនឹងនោះ លោកស្រីក៏បានណែនាំយកពីប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រស់នៅស្អាត បរិភោគឱ្យបានត្រឹមត្រូវ អំបិលតិច ស្ករតិច អំបិលតិច ហាត់កីឡា និងសម្រាន្ដឱ្យបានគ្រប់គ្រាន់។ ពិសេសត្រូវស្វែងយល់ពីបញ្ហាសុខភាពពីក្រុមគ្រូពេទ្យ មុនមានគម្រោងយកសមាជិកថ្មី(កូន) ចៀសវាងភាពមិនប្រក្រតីណាមួយកើតឡើយ ដូចករណីក្រិះក្រិនដូចខាងលើ ។លើសពីនោះសម្រាប់អាណាព្យាបាល ត្រូវប្រឹងប្រែងតស៊ូជម្នះ ជំរុញឱ្យកូនបានទៅសិក្សារៀនសូត្រ ឱ្យចប់ចុង ចប់ដោយ ទើបអាចចៀសផុតពីភាពក្រីក្រ។