(កំពត)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល២ខែ និងលើកទិសដៅ អនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅ ខេត្តកំពត នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត បានណែនាំដល់គ្រប់ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក នៃខេត្តកំពត ឲ្យបន្តយកចិត្ត ទុកដាក់ពិនិត្យដោះស្រាយបញ្ហាកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
នៅចំពោះមុខសមាជិក សមាជិកានៃកិច្ចប្រជុំ ដែលមានសមាសភាពចម្រុះ ជាតំណាងមកពីក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ប្រមាណជា ២០៤នាក់ លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អនៃការ បើកវេទិកាសាធារណៈរបស់ ក្រុមការងារនៅថ្នាក់ក្រុង ស្រុកទាំង៨ របស់ខេត្តកំពត ដែលបានទទួលយកមកពិនិត្យ និងចាត់ចែងដោះស្រាយ នូវរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គ វេទិកាសាធារណៈ។ នៅក្នុងនេះ បញ្ហាដែលពាក់ព័ន្ធ នឹងការងារអភិវឌ្ឍជនបទ ការងារសាធារណការ ការងារកសិកម្ម បរិស្ថានដូចជា ការធ្វើផ្លូវថ្នល់ ស្ពាន ការធ្វើទំនប់ទឹក ឬទំនប់ទប់ទឹកប្រៃ ការជីក ឬស្តារ ប្រឡាយ ស្រះទឹក ការជីកអណ្តូងទឹកគឺជាការងារអាទិភាព។
នៅក្នុងឱកាសនោះ លោក ចម ប្រសិទ្ធ បានអរគុណចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំសម្រួលឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរដោយ មធ្យោបាយធុនតូច ដូចជា ម៉ូតូ កង់ ឆ្លងកាត់តាមស្ពានចាស់ ក្រុងកំពត ដែលកន្លងទៅបានផ្អាក មួយរយៈដោយបញ្ហាទ្រុធទ្រោម។ នេះគឺជា ការអនុវត្តតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ក្នុងឱកាសសម្តេចតេជោ អញ្ជើញមកជួបប្រជុំ សំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាលឃុំ សង្កាត់ ស្រុក ក្រុង ខេត្តកំពត កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦ និងក៏ជាការ ឆ្លើយតប តាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនេះ ក៏បានស្នើឲ្យគ្រប់អង្គភាពពាក់ព័ន្ធ ជំរុញការដោះស្រាយបញ្ហាដីធ្លី នៅទីណាដែលកើតមានករណីប្រជាពលរដ្ឋ ឬអតីតបុគ្គលិក រាជការ បានរស់នៅយូរឆ្នាំ លើដីសារពើភណ្ឌរបស់អង្គភាពខ្លួន ដោយគប្បីលើកមតិស្នើសុំគោលការណ៍ ដោះស្រាយពីក្រសួងសាមី និងរាជរដ្ឋាភិបាល ដើម្បីបញ្ចប់បញ្ហារ៉ាំរ៉ៃនេះ សំដៅធ្វើឲ្យប្រជាពលរដ្ឋ ឬអតីតបុគ្គលិករាជការ មានភាពកក់ក្តៅ នឹងនរក្នុងចិត្តលើបញ្ហាដីធ្លី ផ្ទះសម្បែង ដែលពួកគាត់កំពុងរស់នៅ។ កន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំឭកបញ្ហានេះផងដែរ ដែលគ្រប់ ក្រសួង មន្ទីរ អង្គភាព ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានម៉ឺងម៉ាត់ និងមានតម្លាភាព។
លោកទេសរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត បានសង្កត់ធ្ងន់ថា ពេលប្រជាពលរដ្ឋយើងជួបការលំបាក គឺក្រុមការងារយើងត្រូវតែ មានមុខជួយពួកគាត់។ មុននឹងបញ្ចប់កិច្ចប្រជុំ លោក ចម ប្រសិទ្ធ ក៏បានផ្តាំផ្ញើដល់ក្រុមការងារថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ បន្តជំរុញ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឲ្យបានគ្រប់ៗគ្នា តាមកាលកំណត់របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះ ក្រុមការងារថ្នាក់ជាតិខេត្តកំពត បានចុះធ្វើវេទិកាសាធារណៈ នៅគ្រប់ឃុំ សង្កាត់ ទូទាំងខេត្តកំពត ដើម្បីស្តាប់សំណូមពរ និងដោះស្រាយបញ្ហា ប្រឈមជូនប្រជាពលរដ្ឋ ហើយកំពុងបន្តធ្វើឡើងវិញ នៅតាមឃុំ សង្កាត់ទាំងអស់នោះ ក្នុងជុំទី២ តទៅទៀត៕