(ស៊ីរី)៖ យោធាស៊ីរីបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បំាង និងយន្ដហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែលសរុបពីរគ្រឿង នៅក្នុងប្រទេសស៊ីរី ហើយភ្លាមៗនោះ ក្រសួងការពារជាតិអ៊ីស្រាអែល ក៏បានចេញសេចក្តីថ្លែងការណ៍ ទាត់ចោលព័ត៌មានខាងលើនេះដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មានរដ្ឋស៊ីរី SANA «យន្ដហោះចម្បាំងខាងលើ បានវាយប្រហារទៅលើទីតំាង របស់យោធាស៊ីរី នៅម៉ោងប្រមាណជា ១៖០០នាទីរំលងអធ្រាតឈានចូលថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) នៅឯភាគខាងត្បូងនៃតំបន់ Quneitra ខណៈយន្ដហោះគ្មានមនុស្សបើកមួយផ្សេងទៀតរបស់អ៊ីស្រាអែល ក៏ត្រូវបានកងទ័ពរដ្ឋាភិបាលបាញ់ទម្លាក់ផងដែរ»។
គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ អ៊ីស្រាអែល ថាកងទ័ពស៊ីរីមិនបានបាញ់ ទម្លាក់យន្តហោះចម្បាំង ឬស៊ើបការណ៍របស់ខ្លួននោះឡើយ ហើយសម្រាប់យន្តហោះដែលខ្លួនតែងតែ ប្រើប្រាស់ដើម្បី ឈ្លបយកការណ៍ទៅលើទឹកដីស៊ីរីនោះ គឺមកទល់នឹងពេលនេះត្រូវ បានគេរាយការណ៍មក ថាមានសុវត្ថិភាពជាធម្មតា៕