(ព្រៃវែង)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ) បានថ្លែងថា មូលដ្ឋានគ្រឹះនៃវិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ទាំងអស់នេះយើងត្រូវអនុវត្តនូវវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីគាំទ្រសាលារៀនគោលដៅ។ ធ្វើយ៉ាងណាដើម្បីឲ្យវិស័យអប់រំមួយនេះកាន់តែមានការរីកចម្រើនទីដងថែមទៀតនៅក្នុងប្រទេសកម្ពុជា។ 

ការថ្លែងលើកឡើងបែបនេះរបស់លោក ពេជ សោភ័ន នៅក្នុងឱកាសដែលលោកបានអញ្ជើញក្នុងពិធីវគ្គគាំទ្រសាលារៀនគោលដៅក្រោមការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា(គ.វ.អ) នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនោះសាលាដែលត្រូវបានជ្រើសរើសក្នុងខេត្តព្រៃវែង មានចំនួន ៤សាលា គឺសាលា បឋមសិក្សា សម្តេចតេជោ ហ៊ុន សែន បុញ្ញាខេត្តារាម ក្រុងព្រៃវែង, សាលាបឋមសិក្សាតាកោ ក្រុងព្រៃវែង, សាលាបឋមសិក្សាពាមរក៍ ស្រុកពាមរក៍ និងសាលាបឋមសិក្សាថ្នល់ជ័យ ស្រុកស្វាយអន្ទរ។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី១ និងអនុសាសន៍គន្លឹះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលខេត្តព្រៃវែង ដែលមានមន្ទីរអប់រំ យុវជន និងកីឡា ជាសេនាធិការ បានរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ៥ឆ្នាំរបស់ខេត្ត ស្រមតាមផែនការ យុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និង កីឡា និងដាក់ចេញនូវវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំតាមរយៈការលើកកម្ពស់វិជ្ជាជីវៈ គ្រូបង្រៀន និងលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រង សេវាអប់រំគ្រប់លំដាប់ថ្នាក់ សំដៅសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

លោកបានបន្តថា ដើម្បីសម្រេចបាន នូវយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ៩ចំណុច ឆ្លើយតបបរិវត្តកម្មអប់រំ៖

*ទី១៖ ការបើកសាលារៀនឡើងវិញប្រកបដោយ សុវត្ថិភាពការស្តារឡើងវិញនូវការរៀនសូត្រ និងបន្តការសិក្សារបស់សិស្ស
*ទី២៖ កំណែទម្រង់សាលារៀន
*ទី៣៖ ការអភិវឌ្ឍ គ្រូបង្រៀនឱ្យមានគុណភាពខ្ពស់តាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
*ទី៤៖ ការអប់រំឌីជីថល
*ទី៥៖ ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
*ទី៦៖ ការអភិវឌ្ឍជំនាញសតវត្សទី២១របស់យុវជន
*ទី៧៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា
*ទី៨៖ ការពង្រឹងសមត្ថភាបស្ថាប័ន និងការកសាងប្រព័ន្ធ
*ទី៩៖ ការអភិឌ្ឍ ការអប់រំកាយ និងកីឡា។

បន្ថែមលើសពីនេះលោក សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា លើការងារអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង មានសាលារៀនសរុបទូទាំងខេត្តចំនួន ១.០៩២កន្លែង មានគ្រូសរុប ៧.៦១២ នាក់ ស្រី ៤.៦៥៦ នាក់ មានសិស្សសរុបចំនួន ២៥១.៤៤៦នាក់ ស្រី១២៣.១១៣នាក់ ក្នុងនោះ៖ មត្តេយ្យរដ្ឋ ៤១៦កន្លែង និងមត្តេយ្យសហគមន៍៣៥៥កន្លែង (មត្តេយ្យស្តង់ដា៨៩កន្លែង), សាលាបឋមសិក្សាចំនួន ៥៥១កន្លែង (សាលាឯកជន៣សាលា), អនុវិទ្យាល័យ៩២សាលា វិទ្យាល័យ៣៣សាលា និងវិទ្យាល័យឯកជន១សាលា។

លោកអភិបាលខេត្តបានបន្តថា តាមរយៈលេខាធិការដ្ឋាន គ.វ.អ ក្នុងការអនុវត្តសកម្មភាពជ្រើសរើសសាលាបឋមសិក្សាគោលដៅនៅដំណាក់ កាលដំបូង ខេត្តព្រៃវែង ជាខេត្តមួយដែលមានសំណាង រួមជាមួយ៨រាជធានី-ខេត្ត ដែលទទួលបានការជ្រើសរើស ក្នុងការ អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សាដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃលេខាធិការដ្ឋាន គ.វ.អ ពិសេស លោកពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ ដែលបានសម្រេចជ្រើសរើសខេត្តព្រៃវែង ជាខេត្តគោលដៅ។ រដ្ឋបាលខេត្តនឹងខិតខំផ្តល់នូវកិច្ចសហការល្អ ដើម្បីការអនុវត្តយុទ្ធនាការចុះគាំទ្រសាលារៀនគោលដៅក្នុងខេត្តព្រៃវែង ឲ្យទទួលបានជោគជ័យ ដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសសាលាគោលដៅបន្ថែមទៀតក្នុងខេត្ត សម្រាប់ដំណាក់កាលបន្តបន្ទាប់៕