(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបនឹងComment របស់ប្រជាកសិករម្នាក់ ដែលបានលើកឡើងពីបញ្ហាស្រូវរបស់ ប្រជាកសិករដោយបានអះអាងឲ្យដឹងថា អ្នកដែលលំបាកជាងគេ ក្នុងរឿងសេដ្ឋកិច្ចគឺសម្តេចតេជោនេះហើយ។ សម្តេចតេជោ បានបន្តថា សម្តេចរកតែពេល ហូបបាយមិនបានដោយសារ រឿងថ្លៃស្រូវ និងកសិផលរបស់ កសិករនោះហើយ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានComment ឆ្លើយឆ្លងជាមួយ ប្រជាពលរដ្ឋ។

Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពី Comment និងការឆ្លើយឆ្លងគ្នា ជាមួយនឹងប្រជាពលរដ្ឋដែលមានខ្លឹមសារបញ្ជាក់ឲ្យដឹងថា «Sysowatt Munyrit: បញ្ហារប្រឈម ហើយជាទឹកភ្នែកសិករ សម្តេចមិនខ្វល់ យើងខ្ញុំជាប្រជាកសិករ បានត្រឹមតែហួសចិត្ត និងហូរទឹកភ្មែកតែប៉ុណ្ណឹង។ Samdech Hun Sen, Cambodian Prime Minister: ក្មួយនិយាយដូចជាជ្រុលហើយក្មួយ។ អ្នកដែលលំបាកជាងគេក្នុងរឿងសេដ្ឋកិច្ច គឺខ្ញុំនេះហើយ។ ខ្ញុំរកតែពេលហូបបាយ មិនបានដោយសាររឿងថ្លៃស្រូវ និងកសិផល់របស់កសិករនោះហើយ។ សង្ឃឹមថាក្មួយចេះប្រើភាសាថ្លៃថ្នូរជាងនេះ»

កន្លងមក រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើប្រធានមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ចាត់វិធានការទប់ស្កាត់ ការប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ ដោយការបន្ទាបតម្លៃពីសំណាក់ឈ្មួញ និង ក្រុមហ៊ុនធ្វើអាជីវកម្ម។ សំណើរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានជាច្រើនលើកឡើងថា តម្លៃកសិផលប្រជាកសិករខ្មែរ កំពុងមានការធ្លាក់​ ថ្លៃខ្លាំង។ ជាមួយគ្នានោះ លោក វេង សាខុន បានដាក់ចេញនូវវិធានការ ចំនួន៣ចំណុច សម្រាប់ទប់ស្កាត់ការបន្ទាបតម្លៃនេះផងដែរ។

វិធានការទាំង៣ចំណុចនោះរួមមាន៖

១៖ ទប់ស្កាត់ការប្រមូលទិញផ្លាច់មុខ ពីសំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចាថ្លៃឲ្យបានសមស្រប តាមស្ថានភាពថ្លៃជាក់ស្តែង និងលើកជាវិធានការ ជូនបាលរាជធានី ខេត្ត ដើម្បីចូលរួមដោះស្រាយ។
២៖ ពង្រឹងសមត្ថភាពសហគមន៍ កសិកម្មមូលដ្ឋានលើការប្រមូលទិញកសិផល ពិសេសសន្និធិស្រូវ ដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។
៣៖ ធ្វើការចរចាជាមួយសមាគម ម៉ាស៊ីនកិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពី ប្រជាកសិករឲ្យអស់ លទ្ធភាពក្នុងតម្លៃសមស្រប៕