(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦០ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្សព្វផ្សាយអំពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដល់ភ្នាក់ងារសន្ដិសុខឯកជន។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ ជាគំនិតផ្តួចផ្តើមរបស់តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងឲ្យសម្រេចបាននាពេលអនាគត។

បើតាមលោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន, ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ព្រមទាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់រួមគ្នា គាំទ្រនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ជាមួយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ។

ដោយឡែក ទាក់ទិននឹងការងារក្នុងវិស័យសន្ដិសុខឯកជនវិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យនេះបានដើរតួនាទីជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

លោកបានស្នើសុំដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌនានា។ តម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា ដើម្បីឲ្យមានសមត្ថភាពក្នុងការចូលរួមបង្ការ បង្ក្រាប បទល្មើសតាមគោលដៅ ភ្នាក់ងារទាំងអស់ត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាល ឲ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ចនេះ។ នេះជាលើកទី៦០ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម៕