(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក​សន្និ​សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ ទាំងយោធា និងស៉ីវិល ត្រូវតែគាំទ្រពីការអប់រំអំពីប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ យើងត្រូវតែធានាថាការបង្រៀនប្រវត្តិសាស្ត្រត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់មហាវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់ចូលរួមជាកម្លាំងដើម្បីផ្សព្វផ្សាយការអប់រំ អំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់តែមេរៀនប្រវត្តិសាស្ត្រនោះទេ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និងអក្សរសាស្ត្រខ្មែររហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ, មាតិកាឌីជីថល ឬគំនូរជីវចល ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ ការអំប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ»

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សន្និសីទថ្ងៃនេះគឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។  យើងត្រូវបន្តនិយាយរឿងទាំងនេះពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពី បទពិសោធន៍របស់ពួកគេបានល្អបំផុត៕