(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីសមត្ថកិច្ចចម្រុះនៅប៉ុស្តិ៍ភ្នំដីស្រុកសំពៅ លូនខេត្តបាត់ដំបង បានចាប់និងដកហូតបានប្រហិតចម្រុះ ខូចគុណភាពចំនួន៨០គីឡូក្រាម ដែលឈ្មួញអូសតាមរទេះចូលមកពីប្រទេសថៃ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ហើយយកទៅកម្ទេចចោលភ្លាមៗនៅប៉ុស្តិ៍ភ្នំដី ស្រុកសំពៅលូន ភ្លាមៗផងដែរ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការត្រួតពិនិត្យជាប្រចាំនៅគ្រប់ទីកន្លែង ពិសេសតាមបណ្តាច្រកព្រំដែនកម្ពុជា ថៃ និងបានបញ្ជាដល់មន្រ្តីកាំកុងត្រូលដែលប្រចាំការគ្រប់មាត់ច្រកព្រំដែនទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យនូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព។
លោកប្រធានក៏បានសំណូមពរដល់អាជិវករកុំឲ្យនាំចូលទំនិញ ជាពិសេសម្ហូបអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវ។ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគ សូមពិចារណានិងពិនិត្យមើលទំនិញនោះឲ្យបានម៉ត់ចត់ជាមុនសិន។