(ទីក្រុងតាលី ខេត្តយូណាន ប្រទេសចិន)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលក្រុងតាលី ខេត្តយូណាន ប្រទេសចិន និងដោយបានការអនុញ្ញាតច្បាប់ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍រត់ប្រណាំងតាលីម៉ារ៉ាតុងឆ្នាំ២០២៤ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងតាលី ខេត្តយូណាន ប្រទេសចិន។

ក្រោយពីបានចូលរួមព្រឹត្តិការណ៍តាលីម៉ារ៉ាតុងរួចមក នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា និងភាគីចិន បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការស្តីពី "ការត់ប្រណាំងទីក្រុងភ្លោះ" រវាង "ចក្រភពអង្គរម៉ារ៉ាតុង" និង "កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង តាលីម៉ារ៉ាតុង” ដែលកន្លងមកបានចុះហត្ថលេខារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋបាលកីឡាខេត្តយូណាន កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

បើតាមលោកទេសរដ្ឋមន្ត្រី បានប្រាប់ Fresh News ថា ក្នុងជំហ៊ានទី១ នេះ ភាគីចិននឹងបញ្ជូនប្រតិភូ និងអត្តពលិកអាជីព ចំនួន១០០នាក់ និងអត្តពលិកស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ឬអាចច្រើនជាងនេះ មកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ៤២គម (Angkor Empire Marathon) នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាងនេះទៀត ភាគីចិននឹងជួយបណ្តុះបណ្តាលដល់អត្តពលិក និងមន្ត្រីកីឡាកម្ពុជា និងត្រៀមបញ្ជូនគ្រូបង្វឹកមកជួយកម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា។ ម្យ៉ាងទៀត ភាគីចិនមានបំណងយកព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងនេះដើម្បីនាំមុខក្នុងការជំរុញកិច្ចសហការផ្នែកវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ពិសេសរវាងក្រុងតាលី (ខេត្តយូណាន) និងខេត្តសៀមរាប ដែលជាទីក្រុងសម្ព័ន្ធមេត្រី។ ចំពោះករណីនេះ លោកទេសរដ្ឋមន្ត្រី ថោង ខុន បានសំដែងនូវការស្វាគមន៍ និងគាំទ្រនូវអ្វីដែលភាគីចិនបានលើកឡើង ហើយសន្យាថា នឹងរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីសុំគោលការណ៍អនុញ្ញាតជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ទីក្រុងតាលី គឺជាទីក្រុងដ៏ស្រស់ស្អាត មានសម្បត្តិបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិដ៏សំបូរបែប ពិសេសមានអំណោយផលដល់ការរៀបចំកីឡាម៉ារ៉ាតុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត (ដោយមានអាកាសធាតុទាបជាង ២៦អង្សាសេ)។ ដូច្នេះការរៀបចំកិច្ចព្រមព្រៀង និងផែនការសកម្មភាពនេះ គឺពិតជាសក្តិសមណាស់ក្នុងការតភ្ជាប់រវាងទីក្រុងតាលីរបស់ចិន ជាមួយទីក្រុងសៀមរាបអង្គររបស់កម្ពុជា ហើយដែលបច្ចុប្បន្ននេះក៏មានជើងហោះហើរត្រង់ពីទីក្រុងគុនមីង មកភ្នំពេញ និងមកសៀមរាបអង្គរផងដែរ៕