(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី ហោ សុភាព និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសារលិខិតរំលែកទុក្ខ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិតរំលែកទុក្ខ បានសរសេរថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ្រ ចំពោះការទទួលមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោក ហោ ម៉ៅ គឺជាការបាត់បង់នូវ ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅ ដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត
ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវធនធានមនុស្ស ដែលបានរួមចំណែកលើកិច្ចការសង្គម នាពេលកន្លងមក។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននោះ ខ្ញុំសូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយលោកស្រី ព្រមទាំង ក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ហោ ម៉ៅ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី និងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនាក្រៀមក្រំពីខ្ញុំ»៕