(កំពត)៖ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលអំពី «ជំងឺទឹកនោមផ្អែម និងជំងឺធាត់» ដល់សមាជិកា សកម្មសមាគម កាយឫទ្ធិនារីកម្ពុជា ស្រុកអង្គរជ័យជាង ៥០នាក់ ក្រោមអធិបតីភាព លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជំនាញផ្នែកសុខភាព ដែលមានវិជ្ជាជីវៈពេញលេញមកមន្ទីរសុខាភិបាលខេត្តកំពត ដើម្បីធ្វើបទបង្ហាញផងដែរ។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគោរពតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សមាគម ក្នុងគោលបំណងដើម្បីផ្តល់ជូនចំណេះដឹងផ្នែកសុខភាពដល់សមាជិកាសកម្មក្នុងស្រុកអង្គរជ័យ ដែលមានចំនួនសរុបប្រមាណជាង ៥០នាក់។

លោកស្រីប្រធានក្រុមប្រឹក្សាសមាគមបានបន្តថា ទាំងនេះជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់ជាខ្លាំងឥតស្រាកស្រាន្ត ក្នុងការជួយបំពេញបន្ថែមនូវចំណេះជំនាញ ការអប់រំបណ្ដុះបណ្ដាល ក្រៅប្រព័ន្ធមួយដ៏មានគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត។ ជាពិសេសទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីបណ្ឌិតអគ្គស្នងការ ក្នុងការជួយតម្រង់ទិសដល់កូនក្មួយ សមាជិកាសកម្មកាយឫទ្ធិនារីកម្ពុជាទាំងអស់នៅទូទាំងខេត្ត ស្រុក-ក្រុង និងទូទាំងប្រទេស ឲ្យសម្រេចបានភាពជោគជ័យដ៏ល្អប្រសើរ ពីមួយជំហានទៅមួយជំហាន តាមរយៈការបង្កើនសមត្ថភាព ចំណេះជំនាញ ការយល់ដឹង ស្របទៅតាមគោលនយោបាយរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីប្រធានក្រុមប្រឹក្សាសមាគម បានបញ្ជាក់បន្ថែមថា នេះជាឱកាសដ៏ល្អមួយសំរាប់ក្មួយៗ ដែលជាសមាជិកសកម្មក្រេបយកចំណេះវិជ្ជាផ្នែកសុខភាពពីវាគ្មិនរបស់យើង ដែលវគ្គបណ្តុះបណ្តាលនេះគឺមានការលំអិតបន្ថែមអំពីជម្ងឺទឹកនោមផ្អែម និងជម្ងឺធាត់ ពីសំណាក់វាគ្មិនជំនាញផ្នែកសុខភាពដែលមានវិជ្ជាជីវៈពេញលេញមកពីមន្ទីរសុខាភិបាលខេត្តកំពត ដូច្នេះសូមត្រងត្រាប់ដោយយកចិត្តទុកដាក់ដើម្បីទទួលបានចំណេះដឹងផ្នែកសុខភាពដ៏ល្អនេះ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាជនលើពិភាពលោកចំនួនជាង ១ពាន់លាននាក់ មានជំងឺធាត់ ក្នុងនោះមនុស្សពេញវ័យមានចំនួន ៦៥០លាននាក់ មនុស្សវ័យជំទង់នាក់ជាក្មេង មានចំនួន ៣៤០លាននាក់ និងក្មេងមានចំនួន ៣៩លាននាក់។ ចំណែកឯជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជាពីប្រភេទ ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺដែលកើតឡើងលើកុមារ និងក្មេងជំទង់ ដែលវាកើតឡើងនៅពេលលំពែងមិនមានលទ្ធភាពផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ កង្វះអ័រម៉ូនអាំងស៊ុយលីនធ្ងន់ធ្ងរ ហើយអាចគ្រោះថ្នាក់ដល់ជីវិត បើគ្មានការប្រើអាំងស៊ុយលីនជាប់ជាប្រចាំទេ។

រីឯជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺនេះភាគច្រើនកើតលើមនុស្សពេញវ័យ ប៉ុន្តែក៏ឃើញមានការកើនឡើងនៃជំងឺនេះលើវ័យជំទង់ដែរ (ជាពិសេសចំពោះអ្នកលើសទម្ងន់) កំណើតនៃជំងឺនេះអាចបណ្ដាលមកពីរបៀបរស់នៅ (ភាពធាត់ លំហាត់ប្រាណតិចតួច បរិភោគលើសកម្រិត)។ ជំងឺនេះត្រូវបានព្យាបាលដោយការគ្រប់គ្រងទម្ងន់ របបអាហារសមស្រប លំហាត់ប្រាណ លេបថ្នាំគ្រាប់ និងប្រើអាំងស៊ុយលីននៅពេលចាំបាច់៕