(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយមាសបួន គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍ បទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កម្ចាត់ចោលរាល់សកម្មភាពទាំង ឡាយដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ប្រទេសជាតិ និងភាពក្សេមក្សាន្ត របស់ប្រជាពលរដ្ឋកម្ពុជា។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមកម្លាំងទប់ទល់ និងប្រឆាំងទៅនឹងការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ដែល សម្តេចចាត់ទុកការប្រកាសធ្វើមហាបាតុកម្មនេះ ជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជាតិ។
ពីខេត្តព្រះវិហារទីកន្លែងកំពុងបំពេញការងារជាមួយកងទ័ពនាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ប្រាប់ Fresh News តាមទូរស័ព្ទថា «កងទ័ពត្រូវតែស្ម័គ្រស្មោះ និងអព្យាក្រិត្យចំពោះរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋកម្ពុជា ឲ្យរស់នៅក្នុងសេចក្តីក្សេមក្សាន្ត។ ដូច្នេះរាល់សកម្មភាព ទាំងឡាយ ដែលផ្ទុយពីច្បាប់ និងនាំទៅដល់អស្ថេរភាព សង្គមកងទ័ពប្រឆាំងដាច់ខាត។ ពេលនេះកងទ័ពបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទប់ទល់រាល់ សកម្មភាពបង្កមហន្តរាយដល់សង្គមជាតិ»។
នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ គឺជាការធ្វើឡើងក្នុងចេតនាប្រឆាំងជា មួយប្រព័ន្ធច្បាប់នៅកម្ពុជា ដែលទើបនិងផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ។
លោកផ្កាយមាស៤ គន់ គីម «ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ វាមិនមែនជាការទាមទារសិទ្ធិជូនប្រជាពលរដ្ឋ ឬអ្វីនោះទេ គឺជាការប្រកាសធ្វើប្រឆាំងទៅនឹងច្បាប់របស់កម្ពុជា ជាមហាបាតុកម្មការពារបុគ្គលប្រព្រឹត្តខុសច្បាប់»។
សូមបញ្ជាក់ នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ ពោលនៅក្រោយការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ តែប៉ុន្មាននាទីប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ Fresh News តាមទូរស័ព្ទថា សម្តេចមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិធ្វើមហាបាតុកម្មនោះឡើយ។ សម្តេចតេជោ បានចាត់ទុកមហាបាតុកម្មនេះ គឺជាការគំរាមកំហែង ដល់រាជរដ្ឋាភិបាល សន្តិសុខជាតិ និង សេចក្តីសុខរបស់ប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យត្រៀមខ្លួនទប់ស្កាត់ និងរារាំងមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ នៅយប់ថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ មានកងទ័ពទាំងជើងគោក និងជើងទឹកជាច្រើននាក់ បានចល័តតាមរថយន្ត និងកាណូត នៅតាមផ្លូវជាតិលេខ២ មុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ និងនៅតាមទន្លេខាងក្រោយទីស្នាក់ការបក្សផងដែរ។
ក្រៅពីនាយឧត្តមសេនីយ៍ គន់ គីម នៅមានមេអង្គរក្សសម្តេចតេជោ ហ៊ុន សែន អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំកងកម្លាំងនគរបាលសុទ្ធតែបានបង្ហាញជំហរដ៏ម៉ឹងម៉ាត់ និងត្រៀមលក្ខណៈរួចជាស្រេចអនុវត្តន៍តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ប្រឆាំងគម្រោងមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។
ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវសាលាដំបូង រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។ ក្រោយការប្រកាសផ្តន្ទាទោសនេះ គណបក្សសង្រ្គោះជាតិ តែងបានធ្វើការជួបជុំអ្នកគាំទ្រ របស់ខ្លួននៅក្នុង ទីស្នាក់ការនាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងថ្លែងសារនានាបង្ហាញពីការតស៊ូជាមួយរាជរដ្ឋាភិបាល៕