សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង
13-09-2016 12:36
(ភ្នំពេញ)៖ ឧបនាយរដ្ឋមន្ដ្រី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឧបត្ថម្ភដល់សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ១០លានរៀល សម្រាប់ការទ្រទ្រង់ដំណើរការ ហើយឧបនាយករដ្ឋមន្ដ្រីសម្ដែងការអរគុណ ដែលបានបង្កើតសហព័ន្ធនេះ ឡើងដើម្បីការពារសេរីភាពសារព័ត៌មាននៅកម្ពុជា។
ការឧបត្ថម្ភ និងសម្ដែងការអរគុណ របស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បែបនេះត្រូវបានធ្វើឡើង នៅខណៈដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចូលជួបសំណេះសំណាលសម្ដែងភារៈកិច្ច នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលដឹកនាំដោយលោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក ជាមួយសមាជិក ស្ថាបនិកជាច្រើនរូប។
ក្នុងនោះដែរឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា អ្នកសារព័ត៌មានជាអំណាចទី៤ សម្រាប់អំណាចផ្នែកសតិអារម្មណ៍ ហើយសារព័ត៌មានមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដំណឹងផ្សេងដល់ប្រជាពលរដ្ឋ កែលម្អនូវភាពខ្វះខាតនៅក្នុងសង្គម ដោយរិះគន់ក្នុងន័យស្ថាបនាផ្សេងៗផងដែរ។
ជាមួយគ្នានោះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ក្នុងនាម ស.ស.ស.ក ទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភរបស់ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ហើយបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា៕