(ភ្នំពេញ)៖ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋដែលមានសញ្ជាតិកម្ពុជាគ្រប់គ្នាគ្រប់ទីកន្លែង ទោះបីក្នុងស្ថានភាពលំបាក ស្ថានភាពសប្បាយរីករាយ ឬជួបបញ្ហាយ៉ាងណានោះទេ គឺនៅតែតាមជួយគាំពារពលរដ្ឋខ្លួន ឬក៏សហការជាមួយភាគីប្រចាំប្រទេសនីមួយៗ ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

ការថ្លែងនេះធ្វើឡើងក្នុង​ឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស និងនិស្សិតទៅសិក្សានៅក្រៅប្រទេស រាជរដ្ឋាភិបាលមិនបោះបង់នោះទេ, រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារអ្នកដែលមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់ ដូច្នេះគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលដែលបានធ្វើសម្រាប់ប្រជាពលរដ្ឋនៅកូរ៉េនេះ គឺបានធ្វើច្រើន»។

សម្ដេចធិបតីបានបន្តថា នៅអំឡុងពេលកូវីដ១៩ រាជរដ្ឋាភិបាលក៏បានធ្វើការជាមួយភាគីកូរ៉េ ដើម្បីជួយគាំពារដល់ពលករខ្មែរជាដើម ខណៈបច្ចុប្បន្នមន្ត្រីអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ មន្ត្រីក្រសួងការងារ មន្ត្រីទូតនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលការងារធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរតាមអនឡាញ ដោយមិនមានការរើសអើងអ្វីឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តទៀតថា ចំពោះការងាររៀបចំផ្ទះសំណាកសម្រាប់ពលករខ្មែរក៏បានរៀបចំច្រើនឡើងដែរ ដើម្បីសម្រួលដល់ពលករដែលត្រូវការស្នាក់នៅបណ្ដោះអាសន្ន ជាមួយនឹងការទទួលបានការឧបត្ថម្ភជាអាហារ ឬអង្ករជាដើម។ ជុំវិញកិច្ចការនេះ​ ភាគីកម្ពុជាបានសហការជាមួយសមាគមនៅកូរ៉េ ដើម្បីជួយផ្ដល់ការគាំពារជូនប្រជាពលរដ្ឋកម្ពុជាដែលត្រូវការជំនួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ភាគីកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលគាំទ្រពលករបរទេស និងមជ្ឈមណ្ឌលប្រឹក្សាការងាររបស់កូរ៉េ ដើម្បីធ្វើកិច្ចការមួយចំនួនជួយដល់ពលករខ្មែរនៅកូរ៉េ។ សម្ដេចធិបតីក៏សង្ឃឹមដែរថា កិច្ចការទាំងឡាយនេះនឹងបន្តធ្វើទៀត ពីព្រោះនឹងមានពលករខ្មែរមកប្រទេសកូរ៉េបន្ថែម ព្រមទាំងមានអ្នកត្រូវការជំនួយឱ្យជួយដោះស្រាយបន្ថែមទៀតដែរ។

ម្យ៉ាទៀតដែរ នៅពេលពលករខ្មែរជួបគ្រោះថ្នាក់ផ្សេងៗ ស្ថានទូតកម្ពុជាប្រចាំកូរ៉េ មន្ត្រីក្រសួងការងារដែលប្រចាំការនៅទីនោះក៏បានសហការជាមួយមេធាវី និងភាគីកូរ៉េ ដើម្បីធានាការដំណើរការនីតិវិធីឱ្យបានល្អ ឱ្យបានសមរម្យ ដើម្បីឱ្យជនរងគ្រោះទទួលបានសំណង អត្ថប្រយោជន៍ផ្សេងៗ ឬក៏ប្រគល់ឱ្យបានដល់ដៃគ្រួសារជនរងគ្រោះ (ករណីសាមីខ្លួនបាត់បង់ជីវិត)។

សម្ដេចធិបតីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដើរចោលពលរដ្ឋខ្មែរឡើយ មិនថានៅទីណានោះទេ ហើយសម្ដេចបានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខិតខំជួយប្រជាពលរដ្ឋឱ្យបានល្អ៕