(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះរាជតំណាងគណៈសង្ឃនាយក បាននិមន្ត និងអញ្ជើញ ជាអធិបតី ក្នុងពិធីបើកមហាសន្និបាត ពុទ្ធិកសមាគមកម្ពុជ អាណត្តិទី៧ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលសន្នសីតចតុម្មុខ។

ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះគឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក ជាពិសេសនោះគឺមាន ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក។

ក្នុងនោះក៏មានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ និងពុទ្ធសាសនិក ក្នុងប្រទេសជាច្រើនបានចូលរួមជួយឧបត្ថម្ភ គាំទ្រ លើកតម្កើង និងបានស្ម័គ្រចិត្តចូលជាសមាជិកផងដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមមួយដ៏មានសក្តានុពលផ្នែកមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនាកម្ពុជា។  

ក្នុងសុន្ទរកថាស្វាគមន៍ថ្លែងដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះប្រធាននៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានរំលឹកថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញណោ) ដែលសម្តេចបានស្ថានាដំបូងបង្អស់នៅកម្ពុជា បន្ទាប់ពីព្រះអង្គបានចូលរួមមហាសន្និបាតពុទ្ធិកសមាគមកម្ពុជរដ្ឋសមាគមពិភពលោក នៅប្រទេសស្រីលង្ការួចមក ពេលនោះ កម្ពុជា ជាមជ្ឈមណ្ឌលមួយនៃពុទ្ធិកសមាគមពិភពលោកដែលមានឈ្មោះថា «ពុទ្ធិកសមាគមកម្ពុជរដ្ឋ»។  

បន្ទាប់មកពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ជាពិសេស បានបណ្តុះបណ្តាលធនធានព្រះសង្ឃ ជួយឧបត្ថម្ភវិស័យសង្គមកិច្ច សុខមាលភាពរបស់ ព្រះសង្ឃ ប្រជាពលរដ្ឋបានផ្សព្វផ្សាយពុទ្ធឱវាទនៃព្រះពុទ្ធបរមគ្រូយ៉ាងទូលំទូលាយ ពេលនោះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ ទំនុកបំរុង វិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ។

ក្នុងអំឡុងឆ្នាំ១៩៧៥ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ត្រូវបានរលត់រលាយបាត់ឈ្មោះបាត់សកម្មភាពទាំងក្នុងប្រទេសនិងលើឆាកអន្តរជាតិនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ លុះមកដល់ឆ្នាំ១៩៩៤ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក៏បានកកើតឡើងវិញហើយធ្វើសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ដោយមានការគាំទ្រពីសប្បុរសជនអ្នកស្រលាញ់ព្រះពុទ្ធសាសនា។

បច្ចុប្បន្ន ពុទ្ធិកសមាគមកម្ពុជរដ្ឋ មានសមាជិក សមាជិកាទាំងអស់ ជាង១ម៉ឺនរូប ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។ បណ្តាខេត្តមួយចំនួនបានរៀបចំធ្វើមហាសន្និបាត របស់ខ្លួនរួចហើយ។ ឯខេត្តមួយចំនួនទៀត កំពុងត្រៀមលក្ខណះរៀបចំមហាសន្និបាតនៅថ្នាក់ខេត្ត របស់ខ្លួន។ ដើម្បីឲ្យសមាគមនេះមាននិរន្តរភាព និងបន្តទំនាក់ទំនងពុទ្ធិកសមាគមពិភពលោកចាំបាច់យើងត្រូវពង្រីកសមាជិកសមាជិកា តាមសាខាវត្តអារាមទូទាំងប្រទេស ជាការចាំបាច់បំផុត ។

ទន្ទឹមនឹងការរីកចម្រើន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក៏នៅមានចំណុចអសកម្មមួយចំនួន ដែលត្រូវកែលំអរ ជាពិសេស គឺការរៀបចំរចនាសម្ព័ន្ធការងារឡើងវិញ ដើម្បីឲ្យមានជំនឿទុកចិត្ត ពីពុទ្ធបរិស័ទស្ម័គ្រចិត្ត ចូលរួមបានកាន់តែច្រើនកុះករ ដើម្បីបន្តវេនបំពេញការងារបណ្ដុះបណ្តាលធនធានមនុស្ស អប់រំសីលធម៌ ផ្សព្វផ្សាយ ខ្លឹមសារព្រះធម៌ ឲ្យបានជ្រួតជ្រាប ទូលំទូលាយ ក្នុងស្រទាប់យុវវ័យ និងពុទ្ធបរិស័ទគ្រប់រូបដើម្បីលប់បំបាត់នូវភាពអសកម្មទាំងឡាយ រួមចំណែកកសាង ប្រទេសនិងជួយព្រះពុទ្ធសាសនាឲ្យកាន់តែរីកចំរើនថែមទៀត។

ថ្ងៃនេះពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រារព្ធបើកមហាសន្និបាតអណត្តិទី៧ របស់ខ្លួន ដើម្បីប្រមូលផ្តុំគំនិតបញ្ញាញាណ រួមគ្នាកែលំអរចំណុចខ្វះខាត និងបំពេញបន្ថែមចំណុចរីកចម្រើនជឿនលឿននិងធ្វើវិសោធនកម្ម លើប្រការមួយចំនួននៃលក្ខន្តិក: ដើម្បីឆ្លើយតបឲ្យបានសក្តិសមទៅនឹងការអភិវឌ្ឍនៃសង្គមជាតិនិងព្រះពុទ្ធសាសនា។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានថ្លែងអំណរព្រះគុណ អរគុណចំពោះព្រះករុណាព្រះបាទ សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគាំទ្រ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ឲ្យមានដំណើរការឡើងវិញ ។ សមស្របទៅនឹងសភាពការណ៍ និង គោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល និងការផ្សាះផ្សាជាតិនាពេលកន្លងមកនេះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានរួមចំណែកយ៉ាងសកម្ម ជាមួយពុទ្ធិកសមាគមពិភពលោក៕