(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាបាល ដែលដឹកនាំដោយសម្តេចក្នុងអាណត្តិថ្មី នឹងខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាព ការសាងអភិវឌ្ឍន៍ជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
សម្តេចបានគូសបញ្ជាក់ថា «ខ្ញុំសុំតែមួយប៉ុណ្ណោះ សូមឱ្យបងប្អូន មានភាពជឿជាក់ថារាជរដ្ឋាភិបាល ដឹកនាំដោយខ្ញុំដែលបន្តវេនពីសម្តេចតេជោ នឹងបន្តនូវស្មារតីក្នុងការប្តេជ្ញាចិត្តថែរក្សាសុខសន្តិភាព ស្ថេរភាព និងធ្វើការអភិវឌ្ឍន៍ប្រទេស កាត់បន្ថយភាពក្រីក្រ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយើង មិនថាតែនៅកម្ពុជា និងនៅក្រៅប្រទេស»។
សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ តែយ៉ាងនេះក្តី ការងារខ្លះ អាចនឹងដោះស្រាយបានលឿន ហើយការងារខ្លះអាចនឹងដោះស្រាយបានយឺត។ ជាមួយគ្នានេះការងារខ្លះត្រូវផ្សព្វផ្សាយភ្លាមៗ ខណៈការងារខ្លះត្រូវរង់ចាំដោះស្រាយបញ្ចប់សិនទើបផ្សព្វផ្សាយជាក្រោយ។ ជាក់ស្តែងករណី អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានឆបោកប្រាក់ប្រជាពលរដ្ឋជាច្រើននាក់ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយ ដោយមិនទុកប្រជាពលរដ្ឋចោលឡើយ ព្រោះវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នា សម្តេចបានមានប្រសាសន៍ថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ ត្រូវដើរតួនាទីសំខាន់ ដើម្បីជួយផ្សារភ្ជាប់ជាមួយនឹងប្រទេសជាមិត្ត និងជួយដល់ប្រជាពលរដ្ឋ នៅទីនេះឱ្យអស់លទ្ធភាព។
សូមជម្រាបផងដែរថា មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា៕