(បារាំង)៖ ប្រជាពលរដ្ឋខ្មែររស់នៅខេត្តប័រដូ ប្រទេសបារាំង បានជួបជុំគ្នាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណន-តេជោ» ដែលផ្តល់អត្ថប្រយោជន៍ធំធេងចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍន៍គម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណន-តេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ។

ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាល ដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញ ពីកម្ពុជា ទៅសមុទ្រ ការបង្កើត តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រី ទឹកសាប នៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕