(ភ្នំពេញ)៖ អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០រូប មកពី១០ស្ថាប័ន នៅកម្ពុជា បានលើកឡើងថា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយរបស់ខ្លួននឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលជំនាញ១,៥លាននាក់ដល់យុវជនគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែទូលំទូលាយ។

ការអះអាងរបស់អ្នកសារព័ត៌មានបែបនេះ បានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានមានឱកាសស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់កាន់តែស៊ីជម្រៅ។

លោក អាន គុណធារ៉ា អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណៈជនព្រោះតាមរយៈសំណេរ ឬអត្ថបទរបស់អ្នកសារព័ត៌មាននឹងធ្វើឱ្យសង្គមទទួលបានព័ត៌មានកាន់តែច្បាស់ និងពិតប្រាកដ។

លោកអះអាងថា «ខ្ញុំមើលឃើញថាចំណុចសំខាន់នៃកម្មវិធី ១,៥លាននាក់ នេះក្រៅពីជួយបណ្ដុះបណ្ដាល ជួយបំពាក់បំប៉នដល់យុវជននៅជំហ៊ានដំបូងពិតមែន តែខ្ញុំមើលឃើញថាវាដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ពិតណាស់បេះដូងអ្នកសារព័ត៌មាន តែងតែចង់ទៅឲ្យជិតនឹងប្រភពព័ត៌មាន អ៊ីចឹងចំពោះទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន»

ក្នុងនាមជាអ្នកសារព័ត៌មានលោក អាន គុណធារ៉ា ពិតជាពេញចិត្តក្នុងការចូលរួមផ្សព្វផ្សាយនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ជូនសាធារណៈជនឲ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ កញ្ញា ជូន រស្មី ជាអ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់តែវិទ្យាស្ថាន NPIC ដោយអះអាងថាការផ្សព្វផ្សាយនឹងបន្ថែមពីព័ត៌មានដែលសាលាមានទៅកាន់ប្រជាពលរដ្ឋបានយ៉ាងល្អនិងទូលំទូលាយ។

កញ្ញា ជូន រស្មី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការចេញផ្សាយអត្ថបទ ឬជាវីឌីអូផ្សេងៗរបស់អ្នកសារព័ត៌មាននឹងអាចនាំសារនេះទៅដល់សាធារណៈជន និងពលរដ្ឋគោលដៅ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងបន្តដឹកនាំអ្នកសារព័ត៌មានទៅតាមវិទ្យាស្ថានផ្សេងៗទៀត ព្រោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន មានឥទ្ធិពលដល់សាធារណៈជន»។

ដោយឡែក លោក សំ ងីម ជាអ្នកសារព័ត៌មានមកពីស្ថាប័នទូរស្សន៍ BTV យល់ឃើញថា ការចូលរួមរបស់អ្នកសារព័ត៌មាន នឹងជំរុញការផ្សព្វផ្សាយកម្មវិធី១,៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យយុវជនគោលដៅចូលសិក្សាបានកាន់តែច្រើនបន្ថែមទៀត។

លោកមើលឃើញថា ៖«កម្មវិធីនេះ មានទាំងសិស្សនារី សិស្សបុរស និងសិស្សវ័យចំណាស់ក៏មានដែរ។ ខ្ញុំគិតថាជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលមកពីគ្រួសារខ្សត់ខ្សោយ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងពង្រីកសកម្មភាពទាំងអស់នេះបន្តទៀត»។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺជាលើកទី២ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និង ដឹកនាំដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យដើម្បីជំរុញការផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត៕