(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញទស្សនៈសុទិដ្ឋិនិយមថា កម្រិតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែល្អប្រសើរថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងជំនួបនេះ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្ដែងការអរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ICAPP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាង ICAPP និងកម្ពុជា និងបានសម្ដែងការអរគុណចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងរបស់កម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំមហាសន្និបាតម្តងៗ។
ជាមួយបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបានពីការៀបចំមហាសន្និបាតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ២០១០ លោកមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅភ្នំពេញខាងមុខនេះ នឹងកាន់តែមានភាពអធិកអធម និងជោគជ័យបន្ថែមទៀត។
បន្ថែមលើសនេះ លោក ជុង អ៉ីយ៉ុង បានបង្ហាញក្ដីរីករាយយ៉ាងក្រែលែងចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យបរិយាកាសនយោបាយនៅកូរ៉េ មានភាពកាន់តែស្រស់បំព្រង តាមរយៈវត្តមានជាសាធារណ: របស់លោកជំទាវទី១ នៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនាឱកាសនេះ។
លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ការណ៍នេះនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម ជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតី បានគូសបញ្ជាក់ថា ការឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងប្រទេសទាំងពីរនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានការលូតលាស់ និង រីកចម្រើនថែមទៀត។ ជាក់ស្ដែងការចុះអនុស្សរណៈស្ដីពីការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ជាពិសេសការជំរុញលើវិស័យទេសចរណ៍ និងការតភ្ចាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ និងបានអរគុណ និងវាយតម្លៃខ្ពស់ដែលរដ្ឋាភិបាលកូរ៉េបាន និងកំពុងបន្តបង្កើនកូតាពលករ សម្រាប់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជានឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ មានភាពអធិកអធម និងទទួលបានជោគជ័យថ្លៃថ្លា។
សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។
បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។
រយៈពេលជិត៣០ឆ្នាំក្រោយការបង្កើតទំនាក់ទំនងនេះឡើងវិញ ពោលក្នុងពេលដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ កម្ពុជា និងកូរ៉េខាងត្បូង បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រ»៕