(បន្ទាយមានជ័យ)៖ លោកសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអះអាងថា កិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាកាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ។ ការអះអាងរបស់លោក មេបញ្ជាការត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០១៦។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានផ្សព្វផ្សាយផែនការ ពីកិច្ចការពារសន្តិសុខរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ទាំងអស់នេះ ជាកាតព្វកិច្ចរបស់កម្លាំងកងរាជអាវុធហត្ថ។
បន្ថែមពីនេះ លោកមេបញ្ជាការ បានសំណូមពរដល់គ្រប់មូលដ្ឋានក្រុង ស្រុកនិងស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យប្រពៃណីជាតិខាងមុខ ពិសេសនៅតាមទីវត្តអារាម រមណីយដ្ឋាន និងទីកន្លែងកំសាន្តផ្សេងៗ៕