(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ការគ្រប់គ្រងធនធានទឹក គឺជាកិច្ចការមួយដ៏សំខាន់ក្នុងការដឹកនាំរដ្ឋ។ សម្តេចធិបតី បានចាត់ទុកការគ្រប់គ្រងធនធានទឹកនេះ ជាកត្តាគន្លឹះមួយនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនេះលោកបណ្ឌិត YUN Seog-dae បានបង្ហាញបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកបណ្ឌិត មើលឃើញថា សាជីវកម្មធនធានទឹកកូរ៉េ នឹងមានលទ្ធភាពចូលរួមចំណែកក្នុងការសម្រេចបានគម្រោងនានាពាក់ព័ន្ធការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
តាមរយៈការដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» លោកបណ្ឌិត YUN Seog-dae មើលឃើញផងដែរថា សាជីវកម្មធនធានទឹកកូរ៉េ មានលទ្ធភាពច្រើនថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំយកនូវបទពិសោធន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងយន្តការនៃការគ្រប់គ្រងធនធានទឹក ទៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅកម្ពុជា មានក្រសួងសំខាន់ចំនួនពីរ ដែលជាសេនាធិការលើកិច្ចការពាក់ព័ន្ធជាមួយការគ្រប់គ្រងធនធានទឹក រួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យ សាជីវកម្មធនធានទឹកកូរ៉េ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងនានារបស់សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងធនធានទឹកនៅកម្ពុជា តាមរយ:ការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតលើតំបន់ដែលមានធនធានទឹកនានានៅកម្ពុជា និងកំណត់នូវពេលវេលាក្នុងការរៀបចំគម្រោងពាក់ព័ន្ធជាមួយការគ្រប់គ្រងធនធានទឹកតាមបណ្ដាញនៃទន្លេមេគង្គ និងបឹងទន្លេសាប សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានធនធានទឹកដែលអាចគ្រប់គ្រងបាន និងអាចធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់វិស័យកសិកម្មនៅរដូវប្រាំង និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យសាជីវកម្មធនធានទឹកកូរ៉េ បន្តរួមចំណែកបន្ថែមទៀតក្នុងគម្រោងនានាពាក់ព័ន្ធការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដែលស្ថិតនៅក្រោមគម្រោងជំនួយផ្លូវការរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA និង EDCF Loan៕