(បន្ទាយមានជ័យ)៖ ក្រុមគ្រួសារអតីតយុទ្ធជនពលីពិការ និងយោធិនកាត់រំសាយ ជាច្រើនគ្រួសារ បានត្អូញត្អែរប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា ផ្លូវលំចូលទៅ កាន់លំនៅដ្ឋានរបស់ពួកគាត់ មានការពិបាកធ្វើដំណើរខ្លាំងណាស់ គ្រាន់តែផ្លូវចូលជាង ២គីឡូម៉ែត្រ ចំណាយពេលអស់ជិត កន្លះម៉ោងឯណោះ បើកបរម៉ូតូ គោយន្ត សឹងមិនកើត ប្រសិនជាមេឃភ្លៀងវិញនោះ គឺមិនអាចធ្វើ ដំណើរចេញចូលមិនកើតឡើយ។
ពួកគាត់បន្តថា នៅចំណុចបឹងជំរុកពេល គ្មានសាលារៀន មន្ទីរពេទ្យ អណ្តូងស្នប់ ស្រះទឹកឡើយ ប្រសិនជាខែប្រាំងវិញនោះ គឺគ្មានទឹក ប្រើប្រាស់ឡើយ មានតែទិញទឹកតាមឡានដឹកទឹក ក្នុង១ពាង តម្លៃ១ម៉ឺនរៀលឯណោះ ចំណែកកូនចៅឈឺម្តងៗ គ្មានពេទ្យពិនិត្យ និងព្យាបាលឡើយ។
ក្រុមគ្រួសារអតីតយុទ្ធជនពលីពិការ និងយោធិនកាត់រំសាយ បានសំណូមពរដល់ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ជួយពិនិត្យបញ្ហាខាងលើទាំងអស់នេះ មិនដូច្នោះពួកគាត់ និងពិបាកក្នុងការរស់នៅ ជាពិសេសកូនៗ តូចត្រូវសិក្សាគ្មានសាលារៀន ធ្វើឲ្យបង់បាត់ធនធានមនុស្ស និងបង្កឲ្យកូនប្រុសស្រីគាត់ មិនទទួលចំណេះដឹងឡើយ ព្រោះអីពួកគាត់កាលពីក្មេងមិនបានសិក្សា ដូច្នេះពួកគាត់មិនចង់ឲ្យកូនៗប្រុសស្រី ល្ងិតល្ងង់ ដូចពួកគាត់ឡើយ៕