(សៀមរាប)៖ លោក សេង សំរិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្វាយលើ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅស្រុកស្វាយលើ ដោយមានការចូលរួមពីសមាជិក សមាជិកាបក្សជាច្រើននាក់។

ក្នុងឱកាសនោះ លោកប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយលើ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តសៀមរាប។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈបក្សស្រុក ដែលតែងតែយកចិត្តទុកដាក់បំពេញការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី សម្រាប់ប្រយោជន៍រួម ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការងារគណបក្ស និងរាជរដ្ឋាភិបាល ដូចជាការកសាងសមិទ្ធផលនានា រួមមាន៖ ផ្លូវថ្នល់ សាលារៀន គិលានដ្ឋាន ប្រព័ន្ធ ទឹក-ភ្លើង អ៊ីនធើណែត ទីសាធារណៈនានា ។ល។ ធ្វើឲ្យមានការផ្លាស់ប្ដូរ និងមានការរីកចម្រើន ជាលំដាប់ ដោយរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក​បន្តថា សមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងការខិតខំរួមគ្នា របស់សមាជិកសមាជិកាគណបក្សយើងគ្រប់មូលដ្ឋានទាំងអស់។

ជាមួយគ្នានេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយលើ ស្នើឲ្យអង្គបោះឆ្នោតទាំងអស់ ត្រៀមខ្លួនឲ្យបានល្អ ក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តស្រុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាមុខដោយ៖

១- រក្សាឯកសារបោះឆ្នោត ឲ្យបានល្អ
២- រក្សាសុខភាព ឲ្យបានល្អ
៣- កុំធ្វើដំណើរទៅណាឆ្ងាយ ដែលអាចនាំឲ្យយឺតយ៉ាវ ឬខកខានក្នុងការបោះឆ្នោត
៤- ត្រូវដាក់ចិត្ត ដាក់កាយ គិតថា អង្គបោះឆ្នោតម្នាក់ គឺជាសមាជិកក្រុមប្រឹក្សាខេត្តម្នាក់ ជាសមាជិកក្រុមប្រឹក្សាស្រុកម្នាក់៕