(ប៉េកំាង)៖ ចិន និង វៀតណាម គួរតែធ្វើការងាររួមគ្នា ដើម្បីថែរក្សាសនិ្តភាព និងស្ថិរភាព ព្រមទំាង ដឹកនំាការដោះស្រាយជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។ នេះគឺជាការលើកឡើង របស់នាយករដ្ឋមន្ត្រីចិន លោក Li Keqaing​ ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។

ការលើកឡើងបែបនេះ របស់លោក Li Keqiang ធ្វើឡើងនៅក្នុងជំនួបជាមួយនឹង នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc នៅឯទីក្រុងប៉េកំាង នៅថ្ងៃចន្ទ។ លោក Li បានប្រាប់លោក Phuc ​ថា តំបន់សមុទ្រចិនខាងត្បូង​មានបញ្ហាសំខាន់ពីរ នោះគឺដែនអធិបតេយ្យភាព និង សិទ្ធិសមុទ្រ។ ដូច្នេះ វៀតណាមនិងចិន គួរតែធ្វើការងាររួមគ្នា យ៉ាងប្រុងប្រយ័ត្ន ដោយគោរពការឯកភាពគ្ នាកម្រិតខ្ពស់ ក្នុងការថែរក្សាសន្តិភាព  ស្ថិរភាពដឹកនំា និង ដោះស្រាយជម្លោះ រួមទំាងលើកកម្ពស់កិច្ចសហប្រតិបត្តិការ សមុទ្ររួមគ្នា ដើម្បីថែរក្សាសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាបង្កើត លក្ខខណ្ឌនៃការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី។

ដោយឡែកឆ្លើយតប ទៅនឹងការលើកឡើងនេះដែរ នាយករដ្ឋមន្រ្តីវៀតណាម បានគូសបញ្ជាក់ថា បញ្ហាសមុទ្រ គួរតែត្រូវបានដោះស្រាយ ដោយផ្លូវសន្តិភាព ផ្អែកលើមូលដ្ឋាននៃសមភាព និង ការគោរពគ្នាទៅវិញមក ហើយក៏ត្រូវប្រាកដដែរថា បញ្ហាសមុទ្រនេះ នឹងមិនធ្វើឱ្យប៉ះពាលដល់ ការអភិវឌ្ឈនៃទំនាក់ទំនង រវាងប្រទេសទំាងពីរឡើយ៕