(ភ្នំពេញ)៖ លោក Christopher Beres មេធាវីអាមេរិកម្នាក់របស់លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា «កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តុលាការអាមេរិក បានបដិសេធសំណើរបស់ដើមបណ្តឹង គឺមេធាវី មាជ សុវណ្ណារ៉ា ក្នុងការសាកសួរផ្ទាល់មាត់ លើលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត»។
លោកបាននិយាយថា «ចៅក្រមប្រហែលជាមានហេតុផលច្រើនក្នុងការសម្រេចមិនឱ្យ ធ្វើការ សាកសួរផ្ទាល់មាត់លើលោក ហ៊ុន ម៉ាណែត។ កត្តាមួយគឺថា មេធាវីរបស់ ដើមបណ្តឹងបានបង្ហាញថា លោកចង់ចោទសួរ ទៅលោក ហ៊ុន ម៉ាណែត លើបញ្ហាជាច្រើនដែល មិនពាក់ព័ទ្ធអ្វីទាល់តែសោះទៅនឹងបណ្តឹង ដែលបានដាក់ទៅតុលាការ ហើយក្នុងនោះក៏មានសំណួរមួយចំនួន អាចនឹងពាក់ព័ន្ធ ព័ត៌មានសម្ងាត់ របស់រដ្ឋាភិបាលកម្ពុជា ផងដែរ»។
លោក Christopher Beres បានបន្តទៀតថា «ចៅក្រមប្រហែលចង់ផ្ញើសារទៅមេធាវីរបស់ដើមបណ្តឹងថា គួតែផ្តោតសំខាន់ ទៅលើ តែបញ្ហាដែលពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការនេះបានហើយ។ ចៅក្រមប្រហែល ជាចង់ផ្តល់សញ្ញាថា តុលាការនឹងមិនអនុញ្ញាតឱ្យដើមបណ្តឹង និងមេធាវីប្រើប្រាស់ប្រព័ន្ធច្បាប់ របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជានោះឡើយ។ ហើយបើតាមគំនិតរបស់ខ្ញុំនេះគឺជាហេតុផលតែមួយ គត់ដែលនៅពីក្រោយពាក្យបណ្តឹងនេះ»។
ខណៈដែលចៅក្រម នៅក្នុងសំណុំរឿងនេះ បានបដិសេធសំណើសុំសាកសួរផ្ទាល់មាត់លើលោក ហ៊ុន ម៉ាណែត ចៅក្រមបានយល់ព្រមតាមសំណើររបស់មេធាវី លោក ហ៊ុន ម៉ាណែតដើម្បីធ្វើការសាកសួរផ្ទាល់មាត់លើ លោក Paul Hayes ដែលជាភ្នាក់ងារបញ្ជូនសារអាមេរិក។
លោក Beres បាននិយាយថា «ចៅក្រមយល់ព្រមទទួលយកសំណើរបស់លោក ហ៊ុន ម៉ាណែត ដើម្បីសាកសួរផ្ទាល់មាត់លើលោក Paul Hayes ដែលជាសាក្សីតែម្នាក់គត់ប្រឆាំងនឹងលោក ម៉ាណែត។ ការសមេ្រចបែបនេះ គឺជាការត្រឹមត្រូវពីព្រោះថា ភ្នាក់ងារបញ្ជូលសារនេះហើយ ដែលបានអះអាងថា គាត់ត្រូវបានវាយប្រហារពីក្រោយខ្នង ដោយបុរសម្នាក់ ពាក់សំលៀកបំពាក់ពណ៌ខ្មៅ ហើយលោក Hayes បាន សន្មត់ថា ការវាយប្រហារនោះធ្វើឡើងដោយអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត»។
នេះគឺជាការបកស្រាយរបស់ លោក Christopher Beres មេធាវីអាមេរិកម្នាក់ របស់លោកហ៊ុន ម៉ាណែត ដែល លោក Alan Parkhouse ជាអ្នកសារព័ត៌មាន នៅKhmer Times បានជួបសំភាសន៍។ លោក Alan Parkhouse នៅក្នុងសារពត៌មាន Khmer Times ដែលបានសម្ភាសន៍ជាមួយលោកមេធាវី Christopher Beres ស្តីពីការសម្រេចរបស់ចៅក្រមនៅទីនោះកាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុននេះ ដែលមានចំណងជើងថា៖ «បរាជ័យលើការស្នើសុំធ្វើការសាក សួរផ្ទាល់មាត់លោក ហ៊ុន ម៉ាណែត»។
គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានប្ដឹងរាជរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅតុលាការសហរដ្ឋ អាមេរិក ដោយចោទប្រកាន់ពីបទ «ធ្វើទារុណកម្ម តាមរយៈការឃុំខ្លួនដោយរំលោភបំពាន ក្រៅច្បាប់និងមានរយៈពេលយូរ»។ មានព័ត៌មានជាច្រើន បានផ្សាយថា លោក ហ៊ុន ម៉ាណែត ត្រូវបានតុលាការរដ្ឋកាលីហ្វញ៉ា កាត់ក្តីឲ្យចាញ់រឿងក្តីនេះ កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបាន លោក ហ៊ុន ម៉ាណែត ចេញមុខបដិសេធថា ព័ត៌មាននេះ គឺជាការគឺជាការបំផ្លើស ពីការពិតទាំងស្រុង។ បច្ចុប្បន្ន សំណុំរឿងនេះ កំពុងតែដំណើរការ ហើយ ក៏នៅមិនទាន់មានការសម្រេចបែបណានៅឡើយទេ៕