(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា វិធានការនានារបស់សមត្ថកិច្ចនាពេលនេះ គឺជាកាតព្វកិច្ច តាមច្បាប់ និងជាយុទ្ធសាស្ត្រការពារសុវត្ថិភាពពលរដ្ឋ និងធានានូវសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងប្រទេស។
ការអះអាងរបស់ លោក គឹម សន្តិភាព បានធ្វើឡើង បន្ទាប់ពីមានកងអង្គរក្ស រួមទាំងសមត្ថកិច្ចមួយចំនួន បានចុះល្បាតនៅក្បែរទីស្នាក់ការ គណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ។
នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គឹម សន្តិភាព អ្នកនាពាក្យក្រសួងយុត្តិធម៌ បានលើក ឡើងថា «វិធានការនានារបស់សមត្ថកិច្ចក្នុងការបង្ការ និងទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងនោះ គឺជាកាតព្វកិច្ចតាមច្បាប់ និង ជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធិភាពសម្រាប់សុវត្ថិភាពប្រជាពលរដ្ឋ និងធានានូវសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម!»។
សេចក្តីរាយការណ៍ បានឱ្យដឹងថា នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចប្រមាណ៣០-៤០ឡាន និងកម្លាំងជើងទឹកផង បានចេញល្បាតចល័តនៅក្បែរគណបក្សសង្គ្រោះជាតិ ម្តុំចាក់អង្រែលើ និងចាក់អង្រែក្រោមបន្ទាប់ពីមានការព្រមានធ្ងន់ៗ និងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការប្រកាសធ្វើមហាបាតុកម្មខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ។ ការចល័តនេះ បានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី មានសេចក្តីប្រកាសរបស់ គណបក្សសង្រ្គោះជាតិ ដោយសម្រេចឱ្យរៀបចំ មហាបាតុកម្មនៅពេលខាងមុខនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយបាយមួយ។
លោក គឹម សន្តិភាព បានបន្ថែមថា «ប្រសិនជាអ្នកព្យាយាមប្រឆាំងនឹងច្បាប់របស់ប្រទេសអធិបតេយ្យមួយនេះ មានន័យស្មើនឹងអ្នកដកហូត សិទ្ធិសេរីភាពរបស់ខ្លួន ដែលនេះក៏ជាចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ផងដែរ!»៕