(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកូរ៉េខាងត្បូង ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងសម្បើមណាស់ ក្នុងការទាក់ទាញការវិនិយោគពីកូរ៉េចូលមកកម្ពុជា។
ការវិនិយោគពីបរទេស គឺជាចំណែកសំខាន់ណាស់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន បង្កើតការងារ បង្កើតប្រាក់ចំណូល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យល្អប្រសើរ។ ឈរលើហេតុផលនេះហើយ ទើបរាល់ពេលនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសទាំងទស្សនកិច្ចផ្លូវការ ឬក្នុងក្របខណ្ឌនៃកិច្ចប្រជុំនានា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលរំលងសោះឡើយ កម្មវិធីជំនួបជាមួយអ្នកវិនិយោគបរទេស។
ទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ ក៏ដូចគ្នាផងដែរ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបជាបន្តបន្ទាប់ជាមួយអ្នកវិនិយោគកូរ៉េ ដែលមានចំនួនសរុបរហូតដល់ទៅ៩។ ជំនួបបានធ្វើឡើងពីមួយក្រុមហ៊ុន ទៅមួយក្រុមហ៊ុន ដោយគ្មានពេលសម្រាក សូម្បីតែពេលបាយថ្ងៃត្រង់។
ក្នុងជំនួបជាមួយបណ្តាមេដឹកនាំក្រុមហ៊ុន ដែលក្រុមហ៊ុនខ្លះកំពុងរកស៊ីនៅកម្ពុជា និងក្រុមហ៊ុនខ្លះមិនទាន់រកស៊ីនៅកម្ពុជានៅឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងបញ្ចុះបញ្ចូលពួកគេ ឱ្យពង្រីកទុនវិនិយោគបន្ថែមសម្រាប់ក្រុមហ៊ុនកំពុងរកស៊ីនៅកម្ពុជា រីឯក្រុមហ៊ុនមិនទាន់រកស៊ី គឺសុំឱ្យទស្សនកិច្ច ដើម្បីសិក្សាពីឱកាសសម្រាប់ការវិនិយោគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងបង្ហាញស្ថានភាពអំណោយផលនានាសម្រាប់ផលចំណេញនៃការវិនិយោគនៅកម្ពុជា ដូចជាលក្ខខណ្ឌប្រទេសមានសុខសន្តិភាព មានស្ថេរភាព កម្លាំងពលកម្មវ័យក្មេង លំហទីផ្សារធំទូលាយ បូករួមជាមួយគោលនយោបាយផ្តល់ការគាំពារខ្ពស់ចំពោះអ្នកវិនិយោគពីរាជរដ្ឋាភិបាល។
តាមរយៈការប្រឹងប្រែងបញ្ចុះបញ្ចូល និងការពន្យល់របស់សម្តេចធិបតី បានធ្វើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនបង្ហាញក្តីសោមនស្សចំពោះការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនដែលកំពុងវិនិយោគ បង្ហាញបំណងពង្រីកការវិនិយោគ រីឯក្រុមហ៊ុនមិនទាន់វិនិយោគ ប្រកាសអញ្ជើញមកកម្ពុជា ដើម្បីឈ្វេងយល់ និងស្វែងរកឱកាសសម្រាប់ការវិនិយោគរបស់ពួកគេ។
តាមរយៈការប្រឹងប្រែងដោយសំចៃកម្លាំងនេះ ស្តែងឱ្យឃើញពីការស្រេកឃ្លានយ៉ាងខ្លាំងក្លារបស់សម្តេចធិបតី នូវការវិនិយោគពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការចម្រើនលូតលាស់របស់ប្រទេសជាតិ។
ខាងក្រោមនេះ ជាអត្ថបទលទ្ធផលនៃជំនួបជាមួយក្រុមហ៊ុនរបស់កូរ៉េទាំង៩នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ៖
១៖ ក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុរបស់កូរ៉េ បង្ហាញបំណងវិនិយោគនៅកម្ពុជា និងមានជំនឿចិត្តថា បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី
https://fna.asia/86c01ed
២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុន Dunamu ពង្រីកការវិនិយោគនៅកម្ពុជា
https://fna.asia/27e8ecc
៣៖ ក្រុមហ៊ុនផ្នែកកម្សាន្តឈានមុខមួយរបស់កូរ៉េ ស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា
https://fna.asia/e988fd8
៤៖ ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ បង្ហាញក្តីពេញចិត្តចំពោះការវិនិយោគនៅកម្ពុជា មិនមែនដើម្បីតែប្រាក់ចំណេញទេ តែដើម្បីកិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាផងដែរ
https://fna.asia/c863677
៥៖ ក្រុមហ៊ុនហានស៊ីនរបស់កូរ៉េ មានបំណងពង្រីកការវិនិយោគ លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
https://fna.asia/cec84ad
៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុនផលិតគ្រឿងបង្គំអេឡិចត្រូនិករបស់កូរ៉េ ពង្រីកការវិនិយោគនៅកម្ពុជា
https://fna.asia/804923d
៧៖ ក្រុមហ៊ុន Daewoo E&C មានបំណងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា
https://fna.asia/d9f9370
៨៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Hyosung Group Ltd. ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
https://fna.asia/9dd678c
៩៖ បណ្តាក្រុមហ៊ុនកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា
https://fna.asia/74d81d5