(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្ត ក្រុមហ៊ុន Hyosung Group Ltd. រកពេលវេលាទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាឈ្វេងយល់ពីការវិនិយោគនៅកម្ពុជា។
ការជំរុញនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតី អនុញ្ញាតឱ្យលោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនេះ លោកអនុប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះដំណើរទស្សនកិច្ចប្រកបដោយភាពជោគជ័យរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ។
លោកអនុប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចធិបតីអំពីដំណើរការសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Hyosung Group Ltd. ដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង និងការអភិវឌ្ឍប្រព័ន្ធ5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្តទៅឱ្យក្រុមហ៊ុននៅកម្ពុជា ក៏ដូចជាផ្គត់ផ្គង់សម្ភារសម្រាប់វិស័យកងទ័ពផងដែរ។
តាមរយៈជំនួបពិភាក្សានាឱកាសនេះ លោកអនុប្រធានក្រុមហ៊ុន មានសង្ឃឹមថា នឹងអាចស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតី ក៏បានបង្ហាញការពេញចិត្តចំពោះការភ្ជាប់ទំនាក់ទំនងនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកូរ៉េ ជាមួយក្រុមហ៊ុននៅកម្ពុជា។ សម្ដេចធិបតី សង្ឃឹមថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព និងស្វែងរកឱកាសបោះទុនវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។
ក្នុងជំនួបនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនក្រុមហ៊ុនផងដែរថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់សាធារណរដ្ឋកូរ៉េនេះ សម្ដេចធិបតីក៏បានផ្ដួចផ្ដើមគំនិតផ្ដួចផ្ដើមថ្មីពីរ ដើម្បីឱ្យគាំទ្រដល់ក្រុមហ៊ុនវិនិយោគរបស់កូរ៉េនៅកម្ពុជា ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក និងការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិន និងធុរជន និងបានដាក់ឱ្យអនុវត្តនូវច្បាប់ថ្មីស្ដីពីវិនិយោគ ដើម្បីផ្ដល់នូវការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគនៅកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញ «យុទ្ធសាស្ត្រប្រទេសបូក (Plus-One Strategy)» ដើម្បីទាក់ទាញការវិនិយោគ និងជំរុញខ្សែច្រវាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្រៅប្រទេស។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការប្រើប្រាស់ថាមពលស្អាតជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Hyosung Group Ltd. មានសកម្មភាពអាជីវកម្មលើវិស័យវាយនភណ្ឌ គីមី និងឧស្សាហកម្មគ្រឿងចក្រ ដែលល្បីល្បាញលើឆាកអន្តរជាតិ។ កន្លងមក ក្រុមហ៊ុន Hyosung Group ក៏បានផ្តល់ការផ្គត់ផ្គង់ដល់វិស័យឯកជនកម្ពុជាមួយចំនួនផងដែរ រួមមាន៖ ការពង្រឹងសំបកកង់ម៉ាក Sailun Tire សារធាតុគីមី VINA និងម៉ាស៊ីន ATM៕