(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន Daewoo E&C មានបំណងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា។
បំណងនេះត្រូវបានបង្ហាញដោយលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ពេលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោក JUNG Wonju បានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុនរបស់លោករកស៊ីលើ ការកសាងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។
លោកប្រធានក្រុមហ៊ុន បានស្នើសុំអនុសាសន៍មួយចំនួនពីសម្ដេចធិបតី ពាក់ព័ន្ធការវិនិយោគក្នុងវិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈជំនួបនេះ ជាចំណែកមួយជួយឱ្យប្រតិភូកម្ពុជាស្វែងយល់បន្ថែមអំពីការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមានការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។
សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅមានសក្ដានុពលច្រើនសម្រាប់កាលានុវត្តភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលបៃតង ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យនេះផងដែរ។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Daewoo E&C ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពពិត ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នជំនាញក្នុងការស្វែងរកឱកាសវិនិយោគនានានៅកម្ពុជា។
សូមបញ្ជាក់ថា Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ ក្រុមហ៊ុន Daewoo E&C បានដើរតួនាទីដ៏សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ។
ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល៕