(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយជាខ្លាំងចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុននេះ ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ក្នុងការផ្គត់ផ្គង់គ្រឿងបង្គំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គំអេឡិចត្រូនិក ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុនក្នុងប្រទេសកូរ៉េដែរ។
លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី។ សម្តេចធិបតី ក៏បានអរគុណក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកបណ្ដុះបណ្ដាល វិស្វករកម្ពុជាលើផ្នែកយានយន្ត។
ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្របរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ «កូរ៉េបូកមួយ» តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញនិងផ្គត់ផ្គង់ផលិតផលនៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងក្តីរីករាយ និងអបអរសាទរ ដែលសាធារណរដ្ឋកូរ៉េ និងកម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ហើយតាមរយៈកម្រិតទំនាក់ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀតនឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា និងបន្តវិនិយោគក៏ដូចជាពង្រីកវិនិយោគបន្ថែមនៅកម្ពុជា។
លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕