(មីយ៉ាន់ម៉ា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញអមដំណើរលោក Alounkeo Kittikhoun ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងសំដៅជំរុញអនុវត្តកុងសង់ស៊ីស ៥ចំណុច តាមរយៈការបន្តចូលរួមរបស់ប្រេសិតពិសេស ជាមួយតួអង្គពាក់ព័ន្ធនានា ក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ អគ្គលេខាធិការអាស៊ាន បានជួបជាមួយបណ្តាឯកអគ្គរដ្ឋ/រាជទូតអាស៊ានប្រចាំទីក្រុងយ៉ាងហ្គូន ដើម្បីពិភាក្សាអំពីការកសាងសហគមន៍ និងបានជួបប្រជុំជាមួយតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ  សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងធនាគារពិភពលោក ដើម្បីពិភាក្សាអំពីស្ថានភាពមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ាន ដល់ប្រទេសមីយ៉ាន់ម៉ា ជាដើម៕