(កណ្តាល)៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកស្អាង ដោយមានការចូលរួមពីលោក គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល លោក នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណបក្សខេត្តកណ្តាល លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្អាងជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកប្រធាន បានលើកឡើងថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និងប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ រយៈពេល ២៦ឆ្នាំកន្លងទៅ និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្ស ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ក្នុងនីតិកាលទី៧នេះ បាននិងកំពុងបន្តខិតខំបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយមិនខ្លាចការនឿយហត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។
ជាក់ស្តែងក្នុងរយៈពេលជិត៩ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្ដេចធិបតី បានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្មបំផុតទាំងក្នុងប្រទេស និងក្រៅប្រទេស សំដៅបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លាទៅមុខទៀត។ ជាពិសេស ការបន្តដឹកនាំការអនុវត្តគម្រោងព្រែកជីហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តឱ្យលេចចេញជារូបរាង ដោយរំពឹងថាគម្រោងនេះនឹងកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការគ្រប់គ្រងធនធានទឹក បានគ្រប់ជ្រុងជ្រោយ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាជនបានកាន់តែប្រសើរ។
លោក ប៉េង ពោធិ៍នា បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគណបក្ស ក្រុមការងារគណបក្ស និងអង្គបោះឆ្នោតទាំងអស់ បន្តរួមសាមគ្គីគ្នាដើម្បីទទួលបានលទ្ធផលត្រចះត្រចង់ជូនគណបក្ស សម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕