(ម៉ានីល)៖ បន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte បានស្នើឲ្យដកកងកម្លាំងពិសេសអាមេរិក ចេញពីទឹកដីភាគខាងត្បូងហ្វីលីពីន ខណៈរដ្ឋមន្រ្តីក្រសួងការបរទេស របស់ប្រទេសនេះ បានចេញមុន បកស្រាយកុំឲ្យមានការភ័ន្តច្រឡំពីអាមេរិកថា ហ្វីលីពីននឹងនៅតែបន្តគោរព កាតព្វកិច្ចចំពោះសន្ធិសញ្ញា ដែលបានព្រមព្រៀងគ្នា ជាមួយអាមេរិក។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីក្រសួងការបរទេស ហ្វីលីពីនលោក Perfecto Yasay បានឲ្យដឹងក្នុងកិច្ចសម្ភាសន៍តាមវិទ្យុមួយថា «ប្រទេសហ្វីលីពីននឹងនៅតែបន្តគោរពកាតព្វកិច្ច និងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ជាមួយបណ្តា ប្រទេសនានា ជាពិសេសសូម្បីតែជាមួយសហរដ្ឋអាមេរិក ហើយសេចក្តីថ្លែងការណ៍របស់លោក ប្រធានាធិបតីនោះជារឿងអចេតនា... ដែលប្រការនេះបានបង្ហាញថា លោកប្រធានាធិបតី នឹងដកសម្តីរបស់ខ្លួន ដែលបានថ្លែងកាលពីថ្ងៃចន្ទនោះមកវិញផងដែរ»។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា វត្តមានយោធាអាមេរិក នៅក្នុងប្រទេសរបស់លោក អាចបង្កភាពស្មុគស្មាញ ដល់ប្រតិបត្តិការ ប្រឆាំងពួកឧទាមអ៊ីស្លាម ដែលត្រូវគេស្គាល់តាមការសម្លាប់ ដោយកាត់ក្បាលជនបរទេស ហើយលោកបានស្នើឲ្យ អាមេរិក ដកទ័ពចេញពីទីនោះថែមទៀតផង៕