(ស៊េអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េខាងត្បូង បានបង្ហាញក្តីសោមនស្សចំពោះការវិនិយោគនៅកម្ពុជា ហើយការវិនិយោគនេះមិនមែនដើម្បីគោលដៅនៃប្រាក់ចំណេញតែមួយមុខនោះទេ តែក៏បានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ក្តីសោមនស្សនេះត្រូវបានគូសរំលេចដោយលោកបណ្ឌិត លី ជុងគឿន (Lee Joong Keun) ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម។ លោកក៏បានរំឮកអំពីប្រសាសន៍ប្រកបដោយអត្ថន័យរបស់ប្រធានាធិបតី យូន ស៊កយ៉ល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដែលថា «ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា»។
លោក លី ជុងគឿន បានជម្រាបសម្ដេចធិបតីថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មិនមែនក្នុងបំណងស្វែងរកប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងក្តីរីករាយដែលបានជួបជាមួយប្រធានក្រុមប្រឹក្សាភិបាលជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមហ៊ុនដែលបានរួមដល់រួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំងនៃអាជីវកម្មរបស់ក្រុមហ៊ុន។
សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនបន្តជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា សម្របសម្រួលលើកិច្ចការនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។
នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោងដែលគួរឱ្យកត់សម្គាល់មួយចំនួនមានដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។
នាពេលកន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១,០០០គ្រឿង ដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយការបរិច្ចាគក្តារខៀនចំនួន ៤០,០០០ផងដែរ៕