(ភ្នំពេញ)៖ ដោយមានការសហការគ្នា រវាងសាកលវិទ្យាល័យន័រតុន និង Group គ្រួសារតារាកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំកម្មវិធីសន្និសីទសាព័ត៌មានមួយ ដោយមានវត្តមានតារាចម្រៀង-សម្តែងល្បីៗ ជាច្រើននាក់ ចូលរួមបង្ហាញចំណាប់អារម្មណ៍ មុនថ្ងៃតាំងពិព័រណ៍ និងប្រគំតន្រ្តីសប្បុរសធម៌ នាថ្ងៃទី១៧ -១៨ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យ «គន្ធបុប្ផា»។
វត្តមានតារាច្រៀង និងសម្តែងដែលបានបង្ហាញវត្តមាន នៅក្នុងកម្មវិធីសន្និទសាព័ត៌មាន នារសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញរួមមាន កញ្ញា សុខ ពិសី ,កញ្ញា ទេព បូព្រឹក្ស ,កញ្ញា ពេជ្រ អាវីហ្សា ,អ្នកនាង ចន ច័ន្ទលក្ខិណា ,កញ្ញា ឈិត សុវណ្ណបញ្ញា, អ្នកនាង សឿន សុធារ៉ា ,លោ ក សន វិជ្ជបុត្រ,លោក គន់ រៀមរតនៈ ,លោក ចន អេឡិចហ្សូរ៉ា,កញ្ញា ស្រីពៅមុខឈើ រួមជាមួយតារាប្រុស-ស្រីល្បីៗ ជាច្រើនរូបទៀត។
បើតាមការឲ្យដឹងពី លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិក Group គ្រួសារតារាកម្ពុជា បានថ្លែងឲ្យដឹងថា សន្និសីទសាព័ត៌មានថ្ងៃនេះ គឺធ្វើឡើងដើម្បីបង្ហាញគោលបំណង នៃការប្រកាសរៀបចំកម្មវិធី ការដាក់បង្ហាញតាំងពិព័រណ៍ និងប្រគំតន្រ្តីសប្បុរសធម៌ ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ«គន្ធបុប្ផា» ដែលពិធីនេះ និងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ផាត់ តារារដ្ឋ បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកា ដែលបានមកពីការរៀបចំកម្មវិធីទាំងប៉ុន្មាន គឺត្រូវផ្តល់ជូនមន្ទីរពទ្យ «គន្ធបុប្ផា» ទាំងអស់ ហើយមិនតែប៉ុណ្ណា ខាងសាកលវិទ្យាល័យន័រតុន ក៏មានកញ្ចក់បន្ថែមពីលើថវិកា តន្រ្តីសប្បុរធម៌ ដើម្បីផ្តល់ឧបត្ថម្ភ ដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ផងដែរ។
ដោយឡែក បើតាមការថ្លែងឲ្យដឹង ពីសំណាក់តារាចម្រៀង កញ្ញា សុខ ពិសី បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «ខ្ញុំមានអារម្មណ៍ រំភើប ចំពោះការរៀបចំកម្មវិធីមនុស្សធម៌បែបនេះ ព្រោះថា នេះជាឱកាសមួយដ៏ល្អ ក្នុងការជួយដល់កុមារទូទាំងប្រទេសកម្ពុជា ដែលត្រូវ ការចាំបាច់នូវសេវាព្យាបាល របស់មន្ទីពេទ្យគុន្ធបុប្ផា។ ម្យ៉ាងទៀត បើមានឱកាសក្រោយៗទៀត ខ្ញុំហ្នឹងចូលរួមកម្មវិធីមនុស្សធម៌បែបនេះ ឲ្យបានច្រើនទៀតបន្ថែមទៀត!»៕