(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងនិង ខេត្តសៀមរាប និងសេចក្តីសម្រេចស្តីពី ការកែសម្រួល តែងតាំងសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានដឹកនាំចល័ត សង្កាត់ទាំង១២ របស់ក្រុង និងខេត្តសៀមរាប ២០០រូប និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាអង្គបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ អាណត្តិទី៤ ទូទាំងក្រុង និងខេត្តសៀមរាប នៅឲនៅសាលសន្និសីទរបស់សណ្ឋាគារសុខា ក្នុងក្រុង និងខេត្តសៀមរាប។

លោក ឥត សារ៉ាត់ ក្នុងនាមសម្តេចប្រធាន សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា ពិសេសប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត បានសម្តែងនូវការគោរពអរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងក្រុង និងខេត្តសៀមរាប ដែលបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាយើងដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតដ៏មានសារសំខាន់នេះ។

ទន្ទឹមនេះ លោក ឥត សារ៉ាត់ ក៏សូមថ្លែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃក្រុងនិងខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួលចាត់ចែងការងារបោះឆ្នោតរបស់គណបក្ស ដោយបានលះបង់នូវកម្លាំងកាយ ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការចុះបំពេញការងារតាមមូលដ្ឋាន ដើម្បីចិញ្ចឹមចលនា និងការកសាងកម្លាំង នយោបាយនៅតាមមូលដ្ឋាននានា សំដៅពង្រឹង និងលើកកម្ពស់ការចូលរួម ការគាំទ្រ ពីប្រជាពលរដ្ឋ និងអង្គបោះឆ្នោតអសកលមកលើគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើឱ្យគណបក្សយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជា បន្តបន្ទាប់នារយៈពេលកន្លងមក ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស,លោក ឥត សារ៉ាត់ ក៏បានផ្ដល់ការលើកទឹកចិត្តដល់អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងក្រុងសៀមរាប ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ ដោយធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាពសុខដុមរមនា និងសុភមង្គល។

លោក ឥត សារ៉ាត់ ក៏បានផ្តល់ជាអនុសាសន៍លើកិច្ចការសំខាន់ៗ មួយចំនួន ផងដែរ ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតជូនគណបក្សក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។

ជាមួយគ្នានេះដែរលោក ឥត សារ៉ាត់ ក្រដាសរំលឹកដល់ក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និស្សិតតាមរយៈក្រុមយុវជន ត្រូវយកចិត្តទុកដាក់ចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបានដឹងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ ដើម្បីយើងរកគ្រប់វិធានការក្នុងការដោះស្រាយនិងជួយដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ក្នុងគ្រប់កាលៈទេសៈ។

ជាចុងក្រោយ លោក ឥត សារ៉ាត់ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមគណបក្សប្រជាជនមូលដ្ឋានខេត្តសៀមរាប លោកមានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំលើការប្តេជ្ញាចិត្ត ការចូលរួម និងការគាំទ្ររបស់លោក លោកស្រី  ជាថ្នាក់ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រី នៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់របស់ក្រុង និងខេត្តសៀមរាប បេក្ខជនក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គបោះឆ្នោតទាំងអស់មកពីគណបក្ស ប្រជាជនកម្ពុជាទូទាំងក្រុងហ្នឹងខេត្តសៀមរាប នឹងរួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ខណ្ឌ ស្រុក អាណត្តិទី៤នេះ៕