(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋាន អន្តរជាតិសៀម រាប សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារស្ថិតនៅ ផ្សារកំពង់ក្តី និងនៅតាមផ្ទះជុំវិញ នៃផ្សារកំពង់ក្តី ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុង ដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន រួមមាន៖ ស្ពៃជ្រក់ មមាញ ជ្រក់ សរសៃគុយទាវ និង សាច់ក្រករួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid និង Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែក ចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួនស្ថិតនៅ តាមផ្ទះជុំវិញផ្សារកំពុង់ក្តី រួចមក លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោល នៅពេល ក្រោយ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖ ទឹកក្រូចដបជ័រដបធំផលិតនៅប្រទេសថៃចំណុះ1,25 លីត្រចំនួន50ដប, ទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃចំណុះ 0.450លីត្រ ចំនួន36ដប, ប្រេងខ្យងផលិតនៅប្រទេសថៃចំនួន18ដប និងស្ករគ្រាប់ផលិតនៅ ប្រទេសថៃចំនួន៥កញ្ចាប់ ។

ទន្ទឹមនោះក្រុមការងារ ក៏បានទិញយកគំរូនៃផលិតផលម្ហូបអាហារ មួយចំនួនដែលមានដូចជា ស្លឹកគ្រៃហាន់រួច ស្ករត្នោត សាច់ជ្រូក មីដុំ បញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ជាបន្តទៀត។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បាន បិទផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។ ជាពិសេស នៅពេលរដូវ បុណ្យទានជិតមកដល់ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕