(សៀមរាប)៖ នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យនិងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាតកន្លងមក និងការជួសជុលតូចតាចសរុប២៣២ករណី។

ករណីទាំងនោះមានដូចខាងក្រោម៖
១. ក្រុងសៀមរាប ចំនួន៦៧ករណី
២. ស្រុកប្រាសាទបាគង ចំនួន៣៤ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៣៦ករណី
៤. ស្រុកពួក ចំនួន៥៨ករណី
៥. ស្រុកអង្គរធំ ចំនួន៣៧ករណី

នៅក្នុងចំណោម២៣២ករណី មាន១៥៥ករណី សាងសង់ និងជួសជុលត្រឹមត្រូវតាមការអនុញ្ញាតមាន៧៦ករណី មិនទាន់សាងសង់ និងជួសជុលនៅឡើយ និងមាន១ករណី សាងសង់ និងជួសជុលពុំត្រឹមត្រូវតាមការអនុញ្ញាត។

ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែឡើងវិញ ឬត្រូវបញ្ឈប់ការសាងសង់តែម្ដង។
ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការអនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ។

សូមជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរដែលជាអ្នកស្រុកចាស់ ត្រូវទទួលបានការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ដែលមានសុពលភាព១ឆ្នាំ និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍) មានសុពលភាពរយៈពេល៣ខែ។ រាល់សំណង់នានា ដែលនៅមានសុពលភាពត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំរហូតសំណង់ទាំងនោះសង់រួចរាល់មួយរយភាគរយ៕